(ហាណូយ)៖ តម្លៃអង្ករនាំចេញរបស់ប្រទេសវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយគឺ ៦៦៣ ដុល្លារក្នុងមួយតោន ដែលជាតម្លៃខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្នក្នុងគ្រាដែលមានការកើនឡើងតម្រូវការពិភពលោក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា គ្រាន់តែនៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃអង្ករបានកើនឡើង ២% ដល់ ៦៦៣ដុល្លារ។ អង្ករពីប្រទេសថៃដែលជាគួរប្រជែងរបស់វៀតណាមក៏បានឡើងថ្លៃ ៨ភាគរយក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះដល់ ៦២៥ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្កររបស់ប៉ាគីស្ថានបានឡើងថ្លៃ ៩ភាគរយដល់ ៦០០ដុល្លារ។

ក្រុមពាណិជ្ជករបាននិយាយថា ការកើនឡើងតម្រូវការពិភពលោកនិងការធ្លាក់ចុះការផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាមជាមូលហេតុនៃការឡើងថ្លៃ។

លោក Dinh Ngoc Tam អគ្គនាយករងក្រុមហ៊ុននាំចេញអង្ករ Co May បានប្រាប់កាសែត VN Express ថា ប្រទេសឥណ្ឌាដែលធ្លាប់មានចំណែកទីផ្សារអង្ករ ៤០% នៃទីផ្សារពិភពលោក មិនបានបង្ហាញសញ្ញាណាមួយនៃការលុបចោលការហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទបាស្មាទី (basmati) របស់ខ្លួនទេចាប់តាំងពីខែកក្កដាមក។

ការព្រួយបារម្ភអំពីការរឹតបន្តឹងពាណិជ្ជកម្ម និងផលប៉ះពាល់អាកាសធាតុដែលបង្កឡើងដោយបាតុភូអែលនីណូបានជំរុញឱ្យប្រទេសនានាបង្កើនការទិញអង្ករសម្រាប់បម្រុងទុក ដែលបានធ្វើឱ្យតម្លៃនាំចេញកើនឡើងខ្ពស់។

អង្ករវៀតណាមរហូតដល់ ៩០% គឺជាអង្ករដែលមានគុណភាពខ្ពស់ ហើយប្រទេសនេះមានអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទាំងតម្រូវការក្នុងស្រុក និងការនាំចេញ។ យោងតាមលោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា វៀតណាមអាចនាំចេញអង្កររហូតដល់ ៨លានតោននៅទូទាំងពិភពលោកក្នុងឆ្នាំនេះ។

ក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន ៧,៧៥ លានតោនដែលមានតម្លៃសរុប ៤,៤ពាន់លានដុល្លារ កើនឡើង ៣៦% បើគិតជាតម្លៃ។ អ្នកទិញជាច្រើនមកពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងចិនដែលកំពុងប្រកួតប្រជែងគ្នាទិញអង្ករវៀតណាម៕