(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វិបត្តិសេដ្ឋកិច្ចសកលរយៈពេល ៤ឆ្នាំ បានបង្រៀនមនុស្ស ពិសេសម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានា ចេះអត់ធ្មត់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាក តាំងពីវិបត្តិកូវីដ-១៩ រហូតដល់មានវិបត្តិសង្គ្រាមរ៉ាំរ៉ៃ នាពេលបច្ចុប្បន្ន។

នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថានិក KW Cambodia ក្នុងឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកសាខា (KW) ខេត្តកំពត នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីលោកបានមើលឃើញសេដ្ឋកិច្ចជាតិ ពិសេសអាជីវកម្មលើវិស័យអចលនទ្រព្យ ហាក់មានភាពកម្រើកឡើងវិញ នៅចុងឆ្នាំនេះ ហើយសង្ឃឹមថានឹងមានការវិវឌ្ឍន៍កាន់តែប្រសើរ នាឆ្នាំ២០២៤-២០២៥ ខាងមុខ។

លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា «មេរៀនដែលយើងបានឆ្លងកាត់ ហើយយើងកំពុងតែឆ្លងកាត់ ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមសកល តាំងពីឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២៣ បានបង្រៀនមនុស្សយើង ទី១-ត្រូវមានភាពអត់ធ្មត់ ព្រោះមានតែការអត់ធ្មត់ទេ ទើបអាចឲ្យយើងឆ្លងកាត់រឿងលំបាកជាច្រើន និងទី២-ធ្វើឲ្យយើងចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើប្រាស់លុយ»

លោកពន្យល់បន្ថែមថា «យើងបានឆ្លងកាត់ដំណាក់កាលទី១ គឺពិបាករកលុយ ទី២-ពិបាកក្នុងការប្រើប្រាស់លុយ ឬគ្រប់គ្រងលុយ ។ ខ្ញុំមើលឃើញ អ្នករកស៊ីភាគច្រើន ដែលបរាជ័យ ព្រោះគាត់ប្រើប្រាស់លុយមិនចំគោលដៅ ។ គ្រប់បណ្ដាក្រុមហ៊ុន ឬអាជីវកម្មធំៗ មិនថា ក្រុមហ៊ុនអចលនាទ្រព្យ ឬក្រុមអភិវឌ្ឍន៍លំនៅដ្ឋានទេ អ្នកដែលនៅឈររឹងមាំបាន គឺជាអ្នកដែលពូកែរកលុយផង ហើយពូកែគ្រប់គ្រង និងប្រើប្រាស់លុយឲ្យចំគោលដៅផង ។ អ៊ីចឹង ៤ឆ្នាំនេះ បានបង្រៀនឲ្យយើងចេះអត់ធ្មត់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ»

ឆ្លៀតឱកាសនោះ លោក Edward Ivory ប្រធានសាខា KW ខេត្តកំពត បានសម្ដែងការពេញចិត្ត ក្នុងការសហការជាមួយក្រុមហ៊ុនអាមេរិកដ៏ធំនៅកម្ពុជា ដើម្បីពង្រីក និងជំរុញអាជីវកម្មរបស់ខ្លួន។

អ្នកជំនួញបរទេស ដែលមានបទពិសោធន៍រកស៊ីដីធ្លីនៅអូស្ដ្រាលី និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបនេះ ទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់បណ្ដាប្រទេស សុទ្ធតែទទួលរងផលប៉ះពាល់ តែលោកមានសុទិដ្ឋិនិយម ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ ពិសេសនៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ ៕