(បាងកក)៖ ទោះបីជាការព្យាករពីកំណើនសេដ្ឋកិច្ចថៃដោយធនាគារកណ្តាលថៃថានឹងមានអត្រាពី ៣,២ ទៅ ៣,៨8% នៅឆ្នាំក្រោយក៏ដោយ ក៏អ្នកវិភាគកំពុងព្រមានថា ការថមថយសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិកអាចបង្កហានិភ័យផងដែរ ខណៈប្រសិទ្ធភាពនៃវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកំពុងស្ថិតនៅជាចំណោទនៅឡើយ។


លោកស្រី Nattaporn Triratanasirikul អនុប្រធានគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ធនាគារកណ្តាលថៃសម្រាប់ឆ្នាំ២០២៤ មានអត្រាស្របតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវរបស់លោកស្រី ដោយការព្យាករផ្លូវការរបស់មជ្ឈមណ្ឌលនៈគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ។

មជ្ឈមណ្ឌលស្រាវជ្រាវ K-Research បានទម្លាក់ចក្ខុវិស័យកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ របស់ប្រទេសថៃមកនៅត្រឹម ២,៥% ពី ៣% កាលពីចុងខែមុន ដោយសារផលិតផលក្នុងស្រុកសរុបបានកើនឡើងត្រឹមតែ ១,៥% ប៉ុណ្ណោះក្នុងត្រីមាសទី៣ ដែលនាំឱ្យថៃសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែ ១,៩% សម្រាប់រយៈពេលប្រាំបួនខែដំបូងក្នុងឆ្នាំនេះ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ មជ្ឈមណ្ឌល K-Research បានកត់សម្គាល់ថា ខណៈពេលដែលការប្រើប្រាស់ឯកជនបន្តកើនឡើងនៅក្នុងត្រីមាសទី៤ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងរដូវកាលខ្ពស់ ការចំណាយសាធារណៈ និងការវិនិយោគនឹងដាក់សម្ពាធលើកំណើនដែលកំពុងសម្លឹងឆ្ពោះទៅមុខ ដោយសារថវិកាសារពើពន្ធរបស់រដ្ឋាភិបាលត្រូវបានពន្យារពេល។

លោកស្រី Nattaporn បានមានប្រសាសន៍ថា៖ «យើងគិតថា ចន្លោះកំណើនពី ៣,២% ទៅ ៣,៨% អាចសម្រេចបានសម្រាប់ឆ្នាំក្រោយ នៅពេលដែលគំនិតផ្តួចផ្តើមកាបូបឌីជីថលរបស់រដ្ឋាភិបាលចាប់ផ្តើមដំណើរការដើម្បីជំរុញការប្រើប្រាស់ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែបន្តកើតមានចំពោះគំនិតផ្តួចផ្តើមនេះ»

លើសពីនេះ ការថមថយសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រាកដជានឹងបង្កហានិភ័យដល់សេដ្ឋកិច្ចថៃ ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងទីផ្សារទាំងពីរនេះ៕