(តូក្យូ)៖ ផ្លែទុរេន និងម្ទេសវៀតណាមជាង ៥តោនត្រូវបានបំផ្លាញនៅក្នុងប្រទេសជប៉ុនកាលពីខែតុលា ដោយសារមានកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្តង់ដាររបស់ជប៉ុន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ទុរេនទម្ងន់ ១,៤តោនត្រូវបាននាំចេញកាលពីថ្ងៃទី៥ ខែតុលា ដោយក្រុមហ៊ុនមួយរបស់វៀតណាមទៅកាន់ប្រទេសជប៉ុន ហើយត្រូវបានរកឃើញថាមានផ្ទុកសារធាតុប្រូស៊ីមីដុន (procymidone) ០,០៣ ក្នុងមួយលាន (ppm) នៃប្រូស៊ីមីដុន ដែលខ្ពស់ជាងស្តង់ដាររបស់ជប៉ុនដែលអនុញ្ញាតឱ្យមានតែ ០,០១ppm ប៉ុណ្ណោះ។

យោងតាមកាសែត VN Express ម្ទេសទម្ងន់ ៤តោនមានផ្ទុកសារធាតុទ្រីស៊ីក្លាហ្សុល (tricyclazole) ០,២ppm នៃ tricyclazole និង ០,០៣ppm នៃហេហ្សាកូណាហ្សុល (hexaconazole) ដែលខ្ពស់ជាងស្តង់ដារជប៉ុនដែលមានត្រឹមតែ ០,០១ppm សម្រាប់សារធាតុគីមីទាំងពីរនេះ។ អាជ្ញាធរចត្តាឡីស័កជប៉ុន បានបំផ្លាញចោលផលិតផលទាំងនោះ។

ថ្នាំ Procymidone ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ស្មៅឥតបានការ។ ចំណែកថ្នាំ Tricyclazole ប្រើសម្រាប់សម្លាប់ផ្សិត ហើយថ្នាំ hexaconazole ប្រើសម្រាប់ការពារជំងឺផ្សិត និងជំងឺផ្សេងៗទៀត។

លោក Do Van Dung ព្រឹទ្ធបុរសមហាវិទ្យាល័យសុខភាពសហគមន៍នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថនៅទីក្រុងហូជីមិញ បានប្រាប់ VN Express ថា ថ្នាំគីមីទាំងបីខាងលើនេះត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងប្រទេសជាច្រើន ហើយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់របស់ថ្នាំទាំងបីនេះត្រូវបានស្រាវជ្រាវតែទៅលើសត្វប៉ុណ្ណោះ។

ប្រទេសជប៉ុនគឺជាទីផ្សារនាំចេញធំជាងគេទីបីរបស់វៀតណាមលើវិស័យកសិកម្ម ព្រៃឈើ និងអាហារសមុទ្រក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំនេះដែលមានចំនួន ៧,៤% នៃចំនួននាំចេញសរុប។ នេះបើយោងតាមកាសែត VN Express៕