(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១ពាន់លានដុល្លារ។ នេះបើតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធាណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ប៊ីលានដុល្លារ សមមូលនឹង ៧៦២.៥២ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៤៥% និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៥៥%»។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតថា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ មានមានការថយចុះប្រមាណ ១៧%។ ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមាន កម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៣%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ជាមួយគ្នានេះ ចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៤៣៧.៥៦លានដុល្លារអាមេរិក រួមមាន៖ ១៖ ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៤២៦.៦៨ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ដើម ៣២៨.៨៣ លានដុល្លារ និងការប្រាក់ និងកម្រៃផ្សេងៗ ៩៧.៨៥ លានដុល្លារ​ និង ២៖ ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១០.៨៨ លានដុល្លារ ក្នុងនោះ៖ ប្រាក់ដើម ១០.១១ដុល្លារ និងការប្រាក់០.៧៧ លានដុល្លារ។

បើតាមការបញ្ជាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ៨%៕