(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី១០ស្ដីពី «ហានីភ័យអាកាសធាតុ និងអន្ដរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង» ដើម្បីរួមចំណែកស្រាវជ្រាវធាតុចូលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ រៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី Alissar Chaker តំណាង UNDP ប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ឆ្នាំនេះជាលើកទី១០ហើយ ដែលធនាគារជាតិនៃកម្ពុជា បានបង្កើតឱ្យមានសន្និសីទម៉ាក្រូសេដ្ឋកិច្ចឡើង ក្នុងគោលបំណងរួមចំណែកស្រាវជ្រាវ ដែលជាការងារចាំបាច់ សម្រាប់ការផ្ដល់ជាធាតុចូលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ខ្ញុំពិតជាមានមោទនភាពដែលក្នុង ១ទសវត្សរ៍កន្លងមកនេះ ជាអាទិ៍រួមមាន បញ្ហាស្ថិរភាព ប្រធានបទសំខាន់ៗជាច្រើន ត្រូវបានលើកយកមកស្រាវជ្រាវហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ មូលដ្ឋានកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម សេដ្ឋកិច្ចឌីជីថល ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដូច្នេះសូមវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការស្រាវជ្រាវ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាន់តែមានគុណភាព ហើយអ្នកស្រាវជ្រាវមានចំណាប់អារម្មណ៍ បានចូលរួមកាន់តែច្រើន»។

លោកស្រីបណ្ឌិតបានបន្ដថា ឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកប្រធានបទពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងដំណើរការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងរបស់កម្ពុជា ការសម្រេចកំណត់យកប្រធានបទនេះឡើង ដោយសារមជ្ឈដ្ឋានជាតិ តំបន់ និងអន្តរជាតិ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ហើយបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ជ្រាបបញ្ហានេះ ទៅក្នុងការអនុវត្តគោលនយោបាយ និងសកម្មភាពរបស់ខ្លួន។

ពិសេសទៀតនោះកម្ពុជាក៏បានដើរតួនាទីកាន់តែសកម្ម ក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបានប្តេជ្ញាដាក់ចេញគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង។ បច្ចុប្បន្នសីតុណ្ហភាពពិភពលោក បានកើនឡើងប្រមាណ១,២អង្សា ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម (១៨៥០-១៩០០) ហើយសីតុណ្ហភាពនឹងអាចកើនឡើងដល់ ២,៧អង្សា នៅត្រឹមឆ្នាំ២១០០ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងបន្ថែមទេនោះ។

លោកស្រីណ្ឌិត ជា សិរី បានថ្លែងបន្ដថា កម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនទាប ប៉ុន្តែជាប្រទេសមួយដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈវិស័យកសិកម្ម។ យោងតាមរបាយការណ៍ ទើបចេញផ្សាយកាលពីចុងខែតុលា របស់ធនាគារពិភពលោក កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំង ពីការប្រែប្រួលអាកាសធាតុ ដោយភាពរាំងស្ងួត និងទឹកជំនន់បានកើតមានញឹកញាប់ និងខ្លាំងជាងមុន ក្នុងនោះផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លារ អាមេរិកដោយសារគ្រោះរាំងស្ងួត បណ្ដាលមកពីបាតុភូត El Nino កាលពីឆ្នាំ២០១៩ ខណៈដែលគ្រោះទឹកជំនន់នៅខែកញ្ញា ឆ្នាំ២០២២ បានប៉ះពាល់ខេត្តចំនួន១៤ និងប្រជាពលរដ្ឋប្រមាណ៨ម៉ឺន៥ពាន់គ្រួសារ។

សូមបញ្ជាក់ថា ជាទូទៅផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្មដោយផ្ទាល់ និងវិស័យដទៃទៀតដោយប្រយោល។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ម្ហូបអាហារតំណាងឱ្យជាង៤៣% នៃកន្ត្រកទំនិញ និងសេវា ដែលក្រុមគ្រួសារនៅកម្ពុជាប្រើប្រាស់ជាប្រចាំ ដូចនេះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម អាចបង្កជាបញ្ហាសន្តិសុខស្បៀង និងទំនិញឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជារួម។ បញ្ហានេះក៏អាចនឹងរួមចំណែកបង្កើនវិសមភាពសង្គម និងធ្វើឱ្យក្រុមគ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រផងដែរ។

លោកស្រីបណ្ឌិត ជា​ សិរី បានបញ្ជាក់ថា ប្រឈមនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកកើតចេញពី ការប្រែប្រួលអាកាសធាតុ ដោយបានកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពគោលនយោបាយផ្សេងទៀត ដូចដែលបានឆ្លុះបញ្ចាំងក្នុង «ផែនការយុទ្ធសាស្តប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣», «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និង «យុទ្ធសាស្ត្រចកវិស័យបរិស្ថាន ២០២៣-២០២៨» សំដៅកាត់បន្ថយផលប៉ះពាល់លើកកម្ពស់ការសម្របខ្លួន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីបណ្ឌិតបញ្ជាក់បន្ថែមថា ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុ ប្រកបដោយចីរភាព ក្នុងនោះរួមមាន៖
១៖ ការគាំទ្រការដាក់ចេញគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព របស់សមាគមធនាគារនៅកម្ពុជា ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្ត។

២៖ ការរៀបចំក្របខ័ណ្ឌសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជាដើម្បីចែករំលែកព័ត៌មាន និងបង្កើតឲ្យមានគំនិតផ្តួចផ្តើមនានា សម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ។
៣៖ ការបណ្តុះបណ្តាល និងកសាងសមត្ថភាពទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារហានិភ័យបណ្ដាលមកពី បម្រែបម្រួលអាកាសធាតុ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។

ក្រៅពីនេះធនាគារជាតិនៃកម្ពុជាក៏បានចូលរួម ក្នុងក្របខ័ណ្ឌអន្តរជាតិតាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សា ជាមួយស្ថាប័នមួយចំនួនដូចជា បណ្តាញធនាគារកណ្តាល និងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតងក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង របស់អង្គការសហប្រជាជាតិ និងក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

ធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយអង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងបានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការ
ពិគ្រោះយោបល់ សម្រាប់មូលនិធិបៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២ផងដែរ។

ចំពោះទិសដៅបន្តធនាគារជាតិនៃកម្ពុជា នឹងអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗបន្ថែមទៀត ក្នុងគោលដៅបង្កើតឱ្យមានយន្តការគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីចាំបាច់ ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និងសកម្មភាពជាសារវន្ត ក្នុងការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ កិច្ចការទាំងនោះរួមមាន៖

១៖ ការបង្កើតផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាព។
២៖ ការបង្កើតប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិញ្ញវត្ថុប្រកបដោយចីរភាព។
៣៖ ការរៀបចំយន្តការរាយការណ៍ស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីតម្លាភាព និងការទទួលខុសត្រូវ។
៤៖ ការកសាងសមត្ថភាព និងចំណេះដឹង ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។
៥៖ ការពង្រឹងក្របខ័ណ្ឌវាយតម្លៃ និងការពារហានិភ័យ បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដើម៕