(ក្រុងហ្សឺណែវ)៖ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍រំពឹងថានឹងដឹកអ្នកដំណើរចំនួនខ្ពស់បំផុតនៅឆ្នាំក្រោយ ទោះបីជាប្រាក់ចំណេញនៅតែជាកង្វល់ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងការពិនិត្យមើលឡើងវិញជាប្រចាំរបស់ខ្លួនអំពីនិន្នាការឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាស សមាគម IATA បានឱ្យដឹងថា គំរូកំណើនប្រក្រតីភាពបន្ថែមទៀតត្រូវបានរំពឹងថានឹងកើតមានចាប់ពីពេលនេះទៅនៅពេលដែលវិស័យដឹកជញ្ជូនផ្លូវអាកាសបានស្ទុះងើបឡើងវិញដល់កម្រិតមុនពេលមានជំងឺរាតត្បាត។

ខណៈពេលដែលសមាគមអាកាសដឹកជញ្ជូននេះព្យាករថានឹងមានអ្នកដំណើរ ៤,៧ពាន់លាននាក់នឹងធ្វើដំណើរតាមផ្លូវអាកាសនៅឆ្នាំ២០២៤ អគ្គនាយក IATA លោក Willie Walsh ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ថា៖ «មនុស្សចូលចិត្តធ្វើដំណើរ ហើយការចូលចិត្តធ្វើដំណើរនេះបានជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យវិលត្រលប់មករកកម្រិតហោះហើរមុនពេលមានជំងឺរាតត្បាតវិញ»

សមាគម IATA បានកត់សម្គាល់ថា នេះគឺជា «កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រដែលលើសពីកម្រិតមុនពេលមាបជំងឺរាតត្បាតដែលនៅពេលនោះមានតែអ្នកដំណើរ ៤,៥ពាន់លាននាក់ប៉ុណ្ណោះដែលបានធ្វើដំណើរក្នុងឆ្នាំ២០១៩»

យោងតាមទីភ្នាក់ងារព័ត៌មាន AFP សម្រាប់ឆ្នាំនេះ IATA រំពឹងថានឹងមានអ្នកដំណើរចំនួន ៤,២៩ពាន់លាននាក់ ដែលធ្លាក់ចុះតិចតួចពីការព្យាករកាលពីខែមិថុនារបស់ខ្លួនចំនួន ៤,៣៥ពាន់លាននាក់។

លោក Walsh បានមានប្រសាសន៍ថា៖ «ល្បឿននៃការស្ទុះងើបឡើងវិញមានភាពអស្ចារ្យ»។ តែលោកក៏បានកត់សម្គាល់ផងដែរថាវា៖ «វាទំនងជាថា ជំងឺរាតត្បាតធ្វើឱ្យអាកាសចរណ៍ខាតបង់ប្រហែល ៤ឆ្នាំនៃកំណើន»