(ភ្នំពេញ)៖ ក្នុងបរិបទនៃការលេចឮព័ត៌មានអំពីរកឃើញនូវសាច់បង្កកជាច្រើន ដែលបាននាំចូលដោយខុសច្បាប់ជាបន្តបន្ទាប់ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានជំរុញឲ្យម្ចាស់អាជីវកម្មនានា អនុវត្តតាមគោលការណ៍ «សម្មាអាជីវៈ»

បើតាមគម្ពីរព្រះត្រៃបីតក សម្មាអាជីវៈ ដែលមានន័យថា ការប្រកបរបរចិញ្ចឹមត្រូវ ឬការប្រកបរបរចិញ្ចឹមជីវិតដោយប្រពៃ គឺសំដៅទៅអាជីវកម្មនានា ដែលវៀរចាកពីប្រភេទរបរ ៥ គឺ ជួញអាវុធ ជួញមនុស្ស ជួញសាច់សត្វ ជួញថ្នាំពុល ជួញគ្រឿងស្រវឹង។

តែដោយសារតែប្រភេទ នៃរបរអាជីវកម្មមានការវិវត្ថន៍ជារឿយៗ តាំងពីសម័យព្រះពុទ្ធមក យើងអាចឲ្យនិយមន័យ សម្មាអាជីវ: ថាការប្រកបរបរចិញ្ចឹមជីវិត ដោយមិនធ្វើអ្នកដទៃឈឺចាប់ ដោយចង់កេងចំណេញជាអតិបរមា និងមិនខ្វល់អំពីការឈឺចាប់ ឬគ្រោះថ្នាក់ ដល់សុខភាព ឬសុខមាលភាពរបស់អ្នកដទៃ។

លោកអគ្គនាយកបន្ថែមថា «ពិតមែនតែយើងមិនអាចឈប់បរិភោគសាច់សត្វទាំងស្រុង តែយើងជំរុញឲ្យកាត់បន្ថយបាន ហើយធ្វើឲ្យសុខភាពកាន់តែប្រសើរ។ ពិតមែនតែយើងមិនអាចហាមឃាត់គ្រឿង ស្រវឹងទាំងស្រុង តែអាចជំរុញឲ្យទទួលបានត្រឹមកម្រិត ដែលមិនប៉ះពាល់សុខភាព និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ»។

លោកបន្ដថា ពិតមែនតែយើងមិនអាចចៀសផុតពីការប្រើសារជាតិគីមី តែសូមប្រើសារជាតិគីមីប្រភេទ ឬកម្រិតដែលមិនប៉ះពាល់ដល់សុខភាព -ល-។

ការអនុវត្តតាមគោលការណ៍ទាំងនេះ អាចធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះខ្លះ ឬចំណាយកើនឡើងខ្លះ តែអាចកែច្នៃជាប្រែនឌីងមួយ ដែលងាយនឹងទាក់ទាញអតិថិជនស្មោះត្រង់ ដើម្បីធានាបានកំណើនអាជីវកម្មយូរអង្វែង៕