(ភ្នំពេញ)៖ គោលនយោបាយជំរុញឱ្យកម្ពុជាក្លាយទៅជាអធិរាជស្វាយចន្ទី របស់រាជរដ្ឋាភិបាល បាននិងកំពុងទាក់ទាញវិស័យឯកជនជាច្រើន ឱ្យចូលរួមចាប់ឱកាសវិនិយោគជាមួយវិស័យនេះ ខណៈដែលវិស័យផ្សេងទៀត ដូចជាអចលនទ្រព្យជាដើម កំពុងជួបការលំបាក។

ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដែលគោលនយោបាយនេះ ក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹង និងជំរុញផលិតភាពផលិតកម្មដំណាំស្វាយចន្ទី ការកែច្នៃគ្រាប់ និងការនាំចេញជាដើម។

ដោយមើលឃើញពីឱកាសនេះ ក្រុមហ៊ុន វីស៊ីភីអឹម ថាញ់ដានរបស់ លោក ទ្រី វ៉េង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានចុះកិច្ចព្រមព្រៀងសហការអាជីវកម្មជាមួយក្រុមហ៊ុនថាញ់ដានវៀតណាម ដែលមានបទពិសោធន៍ច្រើនឆ្នាំ ដើម្បីនាំយកនូវគ្រឿងម៉ាស៊ីនកែច្នៃ និងបច្ចេកទេសថ្មីៗ មកកាន់ទីផ្សារកម្ពុជា។

លោក ទ្រី វ៉េង បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងការពង្រីកទីផ្សារម៉ាស៊ីន និងគ្រឿងចាក់កែច្នៃគ្រាប់ស្វាយចន្ទី មកកាន់ប្រទេសកម្ពុជា ដែលកំពុងតែមានតម្រូវការម៉ាស៊ីន និងបច្ចេកទេសកែច្នៃ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការជំរុញគោលនយោបាយស្វាយចន្ទី។

យោងតាមការបញ្ជាក់របស់ លោក ទ្រី វ៉េង អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ដោយសង្កេតឃើញផលវិបាកយ៉ាងខ្លាំងសម្រាប់អ្នកវិយោគក្នុងស្រុក ក្នុងការស្វែងរកប្រភពគ្រឿងម៉ាស៊ីនកែច្នៃ ដែលមានគុណភាពល្អ ព្រមទាំងទំនួលខុសត្រូវខ្ពស់ ទើបលោកបានខិតខំស្វែងរកដៃគូសហការខាងក្រៅប្រទេស ជាពិសេស ប្រទេសវៀតណាម ដែលមានបទពិសោធន៍ និងភាពជោគជ័យលើវិស័យស្វាយចន្ទី។ លោកបានបញ្ជាក់បន្ថែមដោយទំនុកចិត្តទៀតថា ក្រុមហ៊ុនដែលលោកបានសហការនេះនឹងបាននាំយកនូវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងដោះស្រាយបញ្ហាដែលប្រឈមមួយចំនួន ដែលតែងតែជួបប្រទះដូចជា អ្នកជំនាញកែច្នៃ កង្វះគ្រឿងបន្លាស់ និងស្តង់ដារអនាម័យជាដើម។

លើសពីនេះ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុន វីស៊ីភីអឹម ថាញ់ដាន (ខេមបឌា)ឯ.ក របស់លោក នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាៗជាមួយនឹង សហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព ព្រមទាំងសហការផ្សព្វផ្សាយ ជំរុញឱ្យមានអ្នកកែច្នៃក្នុងកាន់តែច្រើនឡើង ស្របតាមចក្ខុវិស័យ គោលនយោបាយជាតិស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលបានកំណត់កែច្នៃឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២ ជាពិសេសសមស្របតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចង់ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយជាអធិរាជស្វាយចន្ទី ក្នុងការផលិតគ្រាប់ ស្វាយចន្ទី ទាំងបរិមាណ គុណភាព និងធ្វើការកែច្នៃនាំចេញទៅកាន់ទីផ្សារធំៗនៅលើពិភពលោក ហើយស្របពេលដែលប្រភេទ ដំណាំស្វាយចន្ទីកម្ពុជា កំពុងមានសក្តានុពល ទាំងបរិមាណ គុណភាព រសជាតិនាំមុខគេលើពិភពលោក។

សូមជម្រាបដែរថា អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្នុងវេទិកាស្វាយចន្ទី ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» ក្រោមអធិបតីភាពរដ្ឋមន្រ្តី ៣រូប រួមមាន៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។

លោកសង្ឃឹមយ៉ាងមុតមាំថា ការនាំយកបច្ចេកវិទ្យាថ្មីៗ និងក្រុមហ៊ុនសហការដែលឈានក្នុងការផ្គត់ផ្គងគ្រឿងម៉ាស៊ីនកែច្នៃស្វាយចន្ទី នឹងធ្វើកម្ពុជាចាប់យកឱកាសចំណែកទីផ្សារសកល និងចូលរួមបង្កើនជំនាញបច្ចេកទេសជូនកូនខ្មែរផងដែរ។

ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេ នៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទី នាពេលខាងមុខ។

រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ទទួលបានទឹកប្រាក់ ៨៣១លានដុល្លារ ថយចុះជិត ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យ ពីសមាគមស្វាយចន្ទីកម្ពុជា។ សមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា តម្លៃមធ្យមគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន៕