(ភ្នំពេញ)៖​ ធនាគារជាតិនៃកម្ពុជា​ និងធនាគាររដ្ឋវៀតណាម​ នៅថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៣​ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម​ QR Code រវាងប្រទេសទាំងពីរ។

ការដាក់ឱ្យដំណើរការ​ ការទូទាត់ឆ្លងដែន​ តាមរយៈឃ្យូអរកូត (QR Code)​ ធ្វេីឡេីងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។

ការដាក់ឱ្យដំណើរការ​ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ចំពោះគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ រវាងកម្ពុជា​ និងវៀតណាម​ ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺអនុញ្ញាតឲ្យប្រជាជនកម្ពុជា​ ដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។

ដូចគ្នាចំពោះប្រជាជនវៀតណាម​ ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ។

ក្នុងនោះផងដែរធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម​ បានរៀបចំកិច្ចប្រជុំទ្វេភាគី
ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ៕