(ភ្នំពេញ)៖ អ្នកជំនួញកសិកម្មដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា គឺឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ថា ការរួមគ្នាទប់ស្កាត់ការនាំចូល និងឈប់បរិភោគសាច់បង្កក ដែលមានគុណភាពទាបខុសប្រក្រតី នឹងជួយដល់អាជីវកម្មចិញ្ចឹមសត្វនៅកម្ពុជា ព្រមទាំងសុខភាពអ្នកប្រើប្រាស់។

ឧកញ៉ា ម៉ុង ឬទ្ធី បានកត់សម្គាល់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានរីកចម្រើនយ៉ាងផុលផុស ដោយបានចាប់ផ្តើមពីការចិញ្ចឹមដែលមានលក្ខណៈគ្រួសារ រហូតក្លាយជាការចិញ្ចឹមតាមបែបពាណិជ្ជកម្មទំនើប ដូចប្រទេសជឿនលឿនលើពិភពលោក។ តែជាអកុសលវិស័យចិញ្ចឹមសត្វនៅកម្ពុជា បាននិងកំពុងជួបវិបត្តិធ្ងន់ធ្ងរ នៅក្នុងឆ្នាំ២០២៣នេះ ដែលធ្វើឱ្យអ្នកចិញ្ចឹមរងការខាតបង់។

លោកលើកឡើងថា កត្តាចម្បងនៃការប៉ះពាល់លើអាជីវកម្មចិញ្ចឹមសត្វនេះ មិនមែនបណ្តាលមកពីជំងឺកូវីដ១៩ ឬសង្រ្គាមអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីននោះទេ តែបណ្តាលមកពីការនាំចូលសាច់បង្កក ដែលមានគុណភាពទាបខុសប្រក្រតីជាច្រើន មកលក់នៅលើទីផ្សារតូចធំនៅកម្ពុជា។

លោកមានប្រសាសន៍បន្តថា «ការនាំចូលសាច់បង្កកដែលមានគុណភាពទាប គ្មានហេដ្ឋារចនាសម្ព័ន្ធទុកដាក់គ្រប់គ្រាន់ ហើយមិនបានត្រួតពិនិត្យត្រឹមត្រូវ យកមកដាក់លក់នៅលើទីផ្សារក្នុងតម្លៃទាបហួសប្រមាណ គឺកំពុងតែបំផ្លាញវិស័យចិញ្ចឹមសត្វ នៅក្នុងប្រទេសយើង និងបំផ្លាញសុខភាពប្រជាពលរដ្ឋយើង ព្រោះប្រជាពលរដ្ឋមិនបានដឹង ឃើញតែគេដាក់លក់ មានតម្លៃថោក ក៏ចេះតែនាំគ្នាមកទិញបរិភោគ និងឃើញតាមភោជនីយដ្ឋានមានលក់អាហារតម្លៃទាប ក៏ចេះតែចូលមកហូបហើយបបួលគ្នាមកហូបថែមទៀត ជាពិសេសរៀងរាល់ពេលល្ងាច»

លោកបន្ថែមថា ក្នុងបរិបទពាណិជ្ជកម្មសេរីក្នុងតំបន់ កម្ពុជាមិនអាចបិទការនាំចូលសាច់បង្កកបាននោះទេ។ ប៉ុន្តែយ៉ាងនេះក្តី លោកជំរុញឱ្យការនាំចូលសាច់ផ្សេង ត្រូវធ្វើឡើងដោយស្របច្បាប់គោរពបទដ្ឋានគុណភាព និងធានាបាននូវសុវត្ថិភាពចំណីអាហារ សម្រាប់ប្រជាពលរដ្ឋរបស់នៅទូទាំងប្រទេស។

លោកអំពាវនាវដល់ភាគីពាក់ព័ន្ធមកពីវិស័យឯកជន វិស័យសាធារណៈ និងនិស្សិតបន្តជួយផ្សព្វផ្សាយ អំពីលក្ខណសម្បត្តិរបស់សាច់បង្កក ជាបន្តទៀតដល់មហាជន ដើម្បីឲ្យមានការយល់ដឹងកាន់តែទូលំទូលាយថែមទៀត អំពីសុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពពលរដ្ឋ និងផលប៉ះពាល់នៃការនាំចូលសាច់បង្កក ដល់វិស័យចិញ្ចឹមសត្វបាននៅកម្ពជា។ នៅពេលប្រជាពលរដ្ឋបានដឹងបានយល់ហើយ ប្រជាពលរដ្ឋមានការពិចារណាដិតដល់មុននឹងទិញសាច់សត្វមកបរិភោគ ឬចូលបរិភោគនៅតាមភោជនីយដ្ឋានណាមួយ។

ជាមួយគ្នានេះ លោកអំពាវនាវដល់សហគ្រិន ក្នុងវិស័យចិញ្ចឹមសត្វ រួមសហការគ្នាឲ្យកាន់តែស្អិតរមួត ចែករំលែកព័ត៌មានរវាងគ្នានិងគ្នា លើកកម្ពស់ការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវតុល្យភាពផលិតកម្ម និងទីផ្សារក្នុងបរិបទទីផ្សារប្រកួតប្រជែងក្នុងតំបន់។

ទន្ទឹមគ្នានេះ លោកបានសម្តែងការកោតសរសើរដល់សហគ្រិនខ្មែរ ក៏ដូចជាសហគ្រិនបរទេសមួយចំនួន ដែលបានមកបោះទុនវិនិយោគលើការ និងចិញ្ចឹមសត្វនៅកម្ពុជា បើទោះបីជាឆ្នាំនេះមិនអាចរកប្រាក់ចំណេញបានក្តី ហើយបានខិតខំតស៊ូលើវិស័យគោលនយោបាយស្វះស្វែង ចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកការគាំទ្រ និងស្វែងរក ភាពត្រឹមត្រូវលើការអនុវត្តច្បាប់ ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពក្នុងសង្គមផងដែរ។

គួរជម្រាបថា នៅរយៈពេលចុងក្រោយសាច់បង្កក ដែលរួមមានសាច់ជ្រូក សាច់មាន់ ត្រីជាដើម ត្រូវបានឈ្មួញខិលខូចលួចនាំចូល ជាបន្តបន្ទាប់មកកម្ពុជា។ តម្លៃសាច់បង្កកគ្មានគុណភាពនាំចូលទាំងនោះ មានតម្លៃទាបជាងសាច់សត្វចិញ្ចឹមក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មចិញ្ចឹមនៅកម្ពុជា។

នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅកាន់មន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការនាំចូលចំណីអាហារ ជាពិសេសសាច់ជ្រូកបង្កក ត្រី មាន់ ស៊ុត ដែលខូចគុណភាព ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕