(ក្រុងឡុងដ៍)៖ ក្រុមម្ចាស់បំណុលដែលកាន់មូលបត្របំណុលអន្តរជាតិរបស់ប្រទេសស្រីលង្កាបានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនស្វាគមន៍កិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញរបស់ស្រីលង្កាជាមួយម្ចាស់បំណុលផ្លូវការ ទោះបីជាក្រុមនេះបាននិយាយថា កង្វះតម្លាភាពចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានកន្លងមកគឺជារឿងគួរឱ្យសោកស្តាយក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរយទ័របានរាយការណ៍ថា ប្រទេសស្រីលង្កា និងក្រុមប្រទេសម្ចាស់បំណុលរបស់ខ្លួន រួមទាំងជប៉ុន បារាំង និងឥណ្ឌា កាលពីថ្ងៃពុធបានសម្រេចបានកិច្ចព្រមព្រៀងជាគោលការណ៍ស្តីពីការសងបំណុលរដ្ឋាភិបាលចំនួន ៥,៩ពាន់លានដុល្លារនៃបំណុលរដ្ឋដែលនៅជំពាក់។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរវាងប្រទេសដីកោះនេះនិងធនាគារនាំចេញ-នាំចូលរបស់ប្រទេសចិនកាលពីខែតុលាស្តីពីកម្ចីប្រហែល ៤,២ ពាន់លានដុល្លារ។

ប៉ុន្តែក្រុមម្ចាស់បំណុលដែលតំណាងឱ្យម្ចាស់បំណុលដែលកាន់កាប់បំណុលចំនួន ១២ពាន់លានដុល្លាររបស់ប្រទេសនេះបាននិយាយថា កង្វះតម្លាភាពរវាងម្ចាស់បំណុលរដ្ឋាភិបាល និងម្ចាស់បំណុលឯកជនកំពុងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសស្រីលង្កាដែលជាកិច្ចព្រមព្រៀងអនុលោមតាមច្បាប់របស់មូលនិធិ IMF និងដែលផ្តល់ការប្រព្រឹត្តចំពោះបំណុល «ប្រកបដោយយុត្តិធម៌ និងសមធម៌។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមការងារចំពោះកិច្ចដែលតំណាងម្ចាស់មូលបត្របំណុលនេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា៖ «ក្រុមការងារយល់ឃើញថា វាគួរឱ្យសោកស្តាយដែលនៅតែខ្វះតម្លាភាពយ៉ាងខ្លាំងចំពោះម្ចាស់បំណុលក្នុងវិស័យផ្លូវការ បើទោះបីជាក្រុមការងារខិតខំប្រឹងប្រែងរហូតមកដល់ពេលនេះដើម្បីដើរតួជាសមភាគីប្រកបដោយការស្ថាបនាក៏ដោយ»៕