(បាងកក)៖ ប្រទេសថៃបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Krisada Chinavicharana បាននិយាយនៅសប្តាហ៍នេះថា ការព្យាករពីកំណើនសេដ្ឋកិច្ចប្រចាំ២០២៣ ដែលថានឹងមានអត្រា ២,៧ភាគរយនឹងត្រូវទម្លាក់បន្ទាប់ពីសម្រេចបានកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកនៅត្រីមាសទី៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះសម្រេចបានកំណើនសេដ្ឋកិច្ច ១,៥ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសគិតចាប់ពីខែកក្កដាដល់ខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលជាកំណើនទាបបំផុតក្នុងឆ្នាំនេះ ដោយសារការធ្លាក់ចុះការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។

លោក Chinavicharana ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា សម្រាប់ឆ្នាំក្រោយ ខណៈពេលដែលក្រសួងកំពុងមានទិសដៅសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាង ៣ភាគរយនោះ ក្រសួងនឹងព្យាយាមជំរុញសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលនឹងដាក់ចេញនាពេលខាងមុខ។

យោងតាមការព្យាករបច្ចុប្បន្នរបស់ក្រសួងហិរញ្ញវត្ថុថៃ សេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើង ២,៧ ភាគរយនៅឆ្នាំ២០២៣ និងកំណើន ៣,២ភាគរយនៅឆ្នាំ២០២៤៕