(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតកាលពីថ្ងៃអាទិត្យ បានបង្ហាញនូវអ្វីដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានពណ៌នាថា ជាកិច្ចព្រមព្រៀងអន្តរជាតិលម្អិតដំបូងគេ អំពីវិធីធ្វើឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានសុវត្ថិភាពពីអ្នកប្រើប្រាស់មិនល្អ ដោយជំរុញឱ្យក្រុមហ៊ុននានាបង្កើតប្រព័ន្ធ AI ដែលធានាបាននូវសុវត្ថិភាព។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់គោលការណ៍ណែនាំដែលមានកម្រាស ២០ទំព័រថា ប្រទេសទាំង ១៨ បានព្រមព្រៀងគ្នាថា ក្រុមហ៊ុនដែលបង្កើត និងប្រើប្រាស់ AI ចាំបាច់ត្រូវអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យានេះតាមរបៀបមួយដែលរក្សាអតិថិជន និងសាធារណៈជនឱ្យមានសុវត្ថិភាពពីការប្រើប្រាស់ខុស។

កិច្ចព្រមព្រៀងនេះមិនចងភ្ជាប់កាតព្វកិច្ចឡើយ និងមានចែងភាគច្រើនជាអនុសាសន៍ទូទៅ ដូចជាការពិនិត្យតាមដានប្រព័ន្ធបច្ចេកវិទ្យា AI កុំឱ្យមានការរំលោភបំពាន ការការពារទិន្នន័យពីការជ្រៀតចូល និងការពិនិត្យមើលអ្នកផ្គត់ផ្គង់កម្មវិធី (សូហ្វវែរ) ជាដើម។

ទោះយ៉ាងណា នាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក លោកស្រី Jen Easterly បាននិយាយថា វាសំខាន់ណាស់ដែល ប្រទេសជាច្រើនត្រូវប្រកាន់យកសុវត្ថិភាពជាចម្បងនៅពេលបង្កើតប្រព័ន្ធ AI។

លោកស្រី Easterly បានប្រាប់រ៉យទ័រថា៖ «នេះជាលើកទីមួយហើយដែលយើងបានឃើញការបញ្ជាក់ថា សមត្ថភាពទាំងនេះមិនគួរគ្រាន់តែគិតអំពីលក្ខណៈពិសេសល្អៗ និងរបៀបដែលយើងអាចលក់បច្ចេកវិទ្យាទាំងនេះទៅកាន់ទីផ្សារ ឬរបៀបដែលយើងអាចប្រកួតប្រជែងដើម្បីកាត់បន្ថយការចំណាយប៉ុណ្ណោះនោះទេ»

លោកស្រីបានបន្ថែមថា៖ គោលការណ៍ណែនាំនេះតំណាងឱ្យ «កិច្ចព្រមព្រៀងមួយដែលអ្វីសំខាន់បំផុតដែលត្រូវធ្វើនៅដំណាក់កាលផលិត គឺជាសុវត្ថិភាព»

កិច្ចព្រមព្រៀងនេះ គឺជាគំនិតផ្តួចផ្តើមចុងក្រោយគេ ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនរបស់រដ្ឋាភិបាលនានា ជុំវិញពិភពលោកដែលធ្វើឡើង ដើម្បីរៀបចំការអភិវឌ្ឍន៍ AI ដែលបច្ចេកវិទ្យានេះ កំពុងទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងឧស្សាហកម្ម និងសង្គមទាំងមូល។

ក្រៅពីសហរដ្ឋអាមេរិក និងអង់គ្លេស ប្រទេសផ្សេងទៀតដែលបានចុះហត្ថលេខាលើគោលការណ៍ណែនាំថ្មីនេះ រួមមាន អាល្លឺម៉ង់ អ៊ីតាលី សាធារណរដ្ឋឆេក អេស្តូនី ប៉ូឡូញ អូស្ត្រាលី ស៊ីលី អ៊ីស្រាអែល នីហ្សេរីយ៉ា សិង្ហបុរី កាណាដា បារាំង ជប៉ុន ណូវែលសេឡង់ ន័រវែស និងកូរ៉េខាងត្បូង៕