(សៀមរាប)៖ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបញ្ចប់នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងការប្តេជ្ញាចិត្ត របស់អ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ប្រកប​ដោយការទទួល​ខុសត្រូវ កិច្ចការពារអតិថិជន និង​ការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងសន្និសីទ មីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាបន្ន​ហិរញ្ញវត្ថុ​ប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ដោយមានការចូល​រួមពី​អ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគី​ពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសរុបចំនួន ៣២០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈម​ចុង​ក្រោយបំផុតនៅក្នុង​វិស័យ។

នៅក្នុងសន្និសីទ ភាគីពាក់ព័ន្ធបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់​និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។ សម្រាប់វិស័យមីក្រូ​ហិរញ្ញវត្ថុ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើងដើម្បីកិច្ចការនេះដូចជា៖

១៖ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដែលត្រូវបង្កើតឡើង ដើម្បីបង្កើននូវតម្លាភាព និងកិច្ចការពារ​អតិថិជនក្នុងវិស័យហិរញ្ញវត្ថុ

២៖ ក្រមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុដែលបង្កើតឡើងដើម្បីលើក​កម្ពស់ការអនុវត្តអាជីវកម្មរបស់វិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយ​ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងការទទួលខុសត្រូវ តាមរយៈការកំណត់ស្តង់ដារប្រតិបត្តិការអាជីវកម្ម​សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ

៣៖ គម្រោងសុវត្ថិភាព​ហិរញ្ញវត្ថុសហគមន៍ ដែលធ្វើឡើងក្នុងខេត្តចំនួន៤ ក្នុង​គោលដៅលើកកម្ពស់ចំណេះ​ដឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារអតិថិជននៅតាមកម្រិតមូលដ្ឋាន

៤៖ កម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល លើកិច្ចការពារ​អតិថិជនដែលបង្កើតឡើងដើម្បីពិនិត្យមើល​​តួនាទីរបស់​ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដើម្បីធានា​ថា កិច្ចការពារអតិថិជនដ៏រឹងមាំនឹងត្រូវបានដាក់បញ្ចូល​ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងដើម្បីរក្សាបាន​នូវនិរន្តរភាពនៅក្នុងគ្រឹះស្ថាន

៥៖ សិក្ខាសាលាថ្នាក់​តំបន់លើការពង្រឹង​សមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលផ្តោតលើ​ថ្នាក់​គ្រប់គ្រង​នៅតាម​សាខាថ្នាក់ខេត្ត ថ្នាក់​ស្រុក និងថ្នាក់តំបន់របស់គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ,

៦៖ កម្មវិធីការផ្តល់កម្ចីប្រកប​ដោយការទទួលខុសត្រូវ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សីលធម៌វិជ្ជាជីវៈរបស់មន្ត្រីឥណទាន និង​មន្ត្រីពាក់ព័ន្ធការ​ផ្តល់​ឥណទាន ដោយតម្រូវឱ្យប្រលងយកវិញ្ញាបណ្ណប័ត្ររៀងរាល់បីឆ្នាំម្តង រួមទាំងកិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើនផ្សេង​ទៀត,

៧៖ វិធានផ្តល់ឥណទាន ដែលត្រូវបានឡើងក្នុងគោលបំណងធានាថា សមត្ថភាព​ខ្ចីប្រាក់របស់អតិថិជនត្រូវបានវាយតម្លៃដោយម៉ត់ចត់និងត្រឹមត្រូវ ដើម្បីកាត់បន្ថយការជាប់បំណុល​ច្រើនលើស​លុប និងបញ្ចៀសហានិភ័យជា​ប្រព័ន្ធនានា។

ស្របពេលជាមួយគ្នានេះដែរ តាមរយៈអង្គសន្និសីទ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានជំរុញសមាជិករបស់​ខ្លួនឱ្យពិនិត្យមើលលទ្ធភាព ក្នុងការជួយអតិថិជ នតាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមករណីជាក់ស្តែង​នៅក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប វិស័យអចលនទ្រព្យ​ និងវិស័យដែលរង​ផលប៉ះពាល់ផ្សេងទៀត​ជូនអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងកិច្ចការពារ​អតិថិជន តាមរយៈ ការចេញសេចក្តីថ្លៃងការណ៍រួមនាដើមឆ្នាំ២០២៣ ​របស់​ក្រសួងមហាផ្ទៃ និង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុងការទប់ស្កាត់​សកម្មភាព​កម្ចីខុសច្បាប់ រួមទាំង​ការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់របស់គណៈកម្មការ​ការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម។ ​

សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់​ប្រជា​ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវ បញ្ហាប្រឈមមួយចំនួន ពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមគ្នា​ដោះស្រាយ។ ហើយការប្តេជ្ញា​នាពេលនេះ គឺជាសខីភាពបង្ហាញនូវឆន្ទៈមុតមាំរបស់វិស័យ ដើម្បីធានាបាននូវកំណើនប្រកប​ដោយ​បរិយាបន្ន និងនិរន្តភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕