(ភ្នំពេញ)៖ ស្រូវដំណើប «ស្បៃមង្គល» ដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាព កាលពីខែមិថុនា ឆ្នាំ២០២២ កំពុងតែមានតម្រូវការខ្លាំង នៅទីផ្សារចិន និងអឺរ៉ុប ខណៈកសិករកម្ពុជាបាននិងកំពុងបង្កើនការដាំដុះពូជស្រូវដំណើរប្រភេទនេះ សម្រាប់ការនាំចេញផងដែរ។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានឱ្យដឹងថា ពូជអង្ករដំណើបស្បៃមង្គល​ ត្រូវបានកសិករ​ដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង​ បន្ទាប់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CARDI បានព្យាយាមបង្កើត​ហើយជំរុញឱ្យកសិករ ចាប់ផ្តើមផលិត ដើម្បី​​នាំចេញ។

​លោកកត់សម្គាល់​ថា នៅរយៈពេលចុងក្រោយ ​អង្ករដំណើបប្រភេទនេះ កំពុងតែមានតម្រូវច្រើននៅក្នុងទីផ្សារចិន និងអឺរ៉ុប ដែលធ្វើឱ្យ​អង្ករដំណើបស្បៃមង្គល កាន់តែមានទីផ្សារ​ និងតម្លៃល្អ ជួយឱ្យកសិករដាំដុះទទួលបានផលចំណេញ។

លោកមានប្រសាសន៍ថា «សព្វថ្ងៃនេះពូជស្រូវដំណើបស្បៃមង្គល ដែលកសិករនៅតាមតំបន់ ផលិតបានកែច្នៃធ្វើជានំសម្រាប់លក់ធម្មតា តែយើងព្យាយាមពង្រីកការដំាដុះឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសចិន ព្រោះគេត្រូវការប្រភេទអង្ករស្បៃមង្គលនេះច្រើន ហើយចំពោះទីផ្សារ នៅសហគមន៍អឺរ៉ុបក៏កំពុងត្រូវការដែរ។ ដូចនេះខ្ញុំមានជំនឿថា ម៉ាកយីហោអង្កររបស់កម្ពុជានេះ ចូលរួមប្រកួតប្រជែងទីផ្សារនៅពេលខាងមុខ ឱ្យទទួលបានទំាងបរិមាណនាំចេញ និងគុណភាពស្របតាមស្តង់ដារ»

លោក ឡោ ប៉ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បាន​ពន្យល់ថា ពូជស្រូវដំណើបស្បៃមង្គល គឺជាពូជទី១ ដែលបានបញ្ចេញឱ្យកសិករប្រើប្រាស់កាលឆ្នំា ២០១៣។​ ​ពូជស្រូវដំណើបស្បៃមង្គម គឺជាប្រភេទស្រូវប្រកាន់រដូវ ដែលជាទូទៅ កសិករអាចប្រមូលនៅពាក់កណ្តាលខែធ្នូ។ ​

លោកពន្យល់បន្តថា «ពូជស្រូវដំណើបស្បៃមង្គលនេះ ជាពូជស្រូវធ្ងន់ ផ្តល់ទិន្នផលបានពីចន្លោះ ៣.២តោនទៅ ៤តោនក្នុងមួយហិកតា អាស្រ័យទៅលើគុណភាពដី ហើយពូជស្រូវនេះវាធន់ទៅនឹងភាពរាំងស្ងួត និងធន់ទៅនិងទឹកជំនន់ រយៈពេលខ្លី ពិសេសវាធន់ទៅនឹងជំងឺប្លាស់​។​ ចំណែកការផលិតចេញជាអង្ករវិញ គឺមានគុណភាពល្អ»។

​លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នមន្ទីរកសិកម្មខេត្តបាន និងកំពុងជំរុញឱ្យកសិករនៅស្រុកមោងឬស្សី បង្កើនការដំាដុះស្រូវដំណើបពូជស្បៃមង្គល លើផ្ទៃដីជាង២០០ហិកតា ហើយអាចផ្តល់ទិន្នផលរាប់ពាន់តោន ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ។

លោកបន្តថា កន្លងមកកសិករនៅក្នុងស្រុកមោងឬស្សី ធ្លាប់ធ្វើការដំាដុះពូជស្រូវដំណើបសល់ពីបុរាណ ទើបខាងមន្ទីរជំរុញឱ្យកសិករធ្វើការដំាដុះពូជស្រូវដំណើបស្បៃមង្គល ដែលចេញដោយ CARDI ដែលជាពូជមានគុណភាពល្អសម្រាប់ធ្វើជានំ ព្រោះមានការវាយតម្លៃថាវាមានទីផ្សារល្អ។

លោក លើកឡើងថា «កន្លងមកមន្ទីរកសិកម្មខេត្ត បានបង្ហាញពូជស្រូវដំណើបស្បៃមង្គល ទៅដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវកែច្នៃនាំចេញអង្ករ ទៅទីផ្សារខាងក្រៅ ឃើញពួកគាត់មានការចាប់អារម្មណ៍លើស្រូវដំណើបស្បៃមង្គលច្រើន ប៉ុន្តែខាងក្រុមហ៊ុន និងកសិករមិនទាន់បានជួបគ្នាផ្ទាល់ទេ។ តែជាទូទៅទីផ្សារស្រូវមួយនេះ ឈ្មួញកណ្តាលប្រមូលទិញស្រូវពីកសិករយកទំាងអស់ ជាពិសេសឈ្មួញមកពីប្រទេសវៀតណាម ដោយសារ វាមានភាពសុទ្ធច្រើន និងមានភាពស្អិតល្អ»។

បើតាម លោក អ៊ិន សុវណ្ណមុនី្ន បញ្ជាក់ថា ​ពូជស្រូវដំណើបធម្មតាដែលនៅសល់ពូជពីបុរាណ​ កសិករអាចលក់បាន​ពី១ ០០០រៀលទៅ១១០០រៀលប៉ុណ្ណោះ តែសម្រាប់ពូជស្បៃមង្គលនេះ អាចលក់បានថ្លៃ១៤០០រៀលទៅ ១៥០០រៀលក្នុងមួយគីឡូក្រាម​។

​លោក អ៊ិន សុវណ្ណមុន្នី មានប្រសាសន៍ថា «ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងកន្លងមក តែងតែយកចិត្តទុកដាក់ និងជំរុញទៅលើខ្សែច្រវាក់ផលិតកម្ម ដែលមានសក្តានុពលនៅតាមភូមិ ឃុំ បើសិនទីផ្សារខាងក្រៅកើតឡើងមែនពិតនោះ មន្ទីរកសិកម្មនឹងធ្វើការជំរុញឱ្យកសិករពង្រីកផ្ទៃដីផលិតស្រូវដំណើបស្បៃមង្គលថែមទៀត ក្រៅពីនៅស្រុកមោងឬស្សី , ស្រុកថ្មគោល ,ស្រុកបវិល រួមនិងខាងស្រុកបាណន់»

សូមជម្រាបថា ​ពូជស្រូវដំណើបស្បៃមង្គល ត្រូវបានក្រសួងពាណិជ្ជកម្មចុះម៉ាកអង្ករសមូហភាព កាលពីខែមិថុនា ឆ្នាំ២០២2 ​ ដើម្បីបង្កើតអត្តសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជា ​ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នា នៃប្រទេសផលិតអង្ករក្រអូបផ្សេងទៀត៕