(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) រៀបចំវេទិកាគយ ស្តីពីការប្តូរពីទម្រង់ក្រដាសទៅអេឡិចត្រូនិក (From PAPER to PIXELS) ក្រោមប្រធានបទ «ការធ្វើបរិវត្តិកម្មនីតិវិធីគយ តាមរយៈការធ្វើឌីជីថលនីយកម្ម (Transforming Customs Procedures through Digitalisation)» ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព អំពីការអភិវឌ្ឍ និងគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលនីយកម្ម និងសាមញ្ញកម្មនីតិវិធីគយ ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា, TAFTAC, តំណាងក្រុមហ៊ុនដឹកជញ្ជូន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធចំនួនប្រមាណ ៨០នាក់។

លោក Tassilo Brinzer ប្រធាន EuroCham Cambodia បានថ្លែងអំណរគុណ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំពោះកិច្ចសហការល្អកន្លងមក និងបានបង្ហាញក្តីរំពឹងលើលទ្ធភាព ក្នុងការបន្តធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយ ដើម្បីជួយកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនបន្ថែមទៀត ក្នុងន័យលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ថ្លែងក្នុងមតិបើកវេទិកានេះ បណ្ឌិត គុណ ញឹម បានជម្រាបជូនអង្គពិធីអំពីសាវតារ និងសមិទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធសាស្ត្រនានារបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ រួមមាន ការដាក់អនុវត្តប្រព័ន្ធអាស៊ីគូដា ចាប់ពីឆ្នាំ២០០៨ និងបានពង្រីកវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស, ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិចាប់ពីឆ្នាំ២០១៩ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការចេញ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗក្នុងទម្រង់អេឡិចត្រូនិក និងកំពុងពង្រីកវិសាលភាពទៅកាន់ក្រសួង-ស្ថាប័នផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល។

លោកបណ្ឌិត បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងរៀបចំនីតិវិធីលម្អិត ដើម្បីគាំទ្រការអនុវត្តប្រកាស ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់។ នីតិវិធីនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មគយ សម្រាប់បំពេញបែបបទបញ្ចេញទំនិញពីគយ ដោយផ្លាស់ប្តូរពីការប្រើប្រាស់ឯកសារទម្រង់ក្រដាសមកជា ឯកសារទម្រង់អេឡិចត្រូនិកទាំងស្រុង។

លោកបណ្ឌិតក៏បានជម្រាបជូន អង្គពិធីអំពីការដាក់ឱ្យអនុវត្តសាកល្បង (Pilot) នូវការតភ្ជាប់ប្រព័ន្ធអាស៊ីគូដា ជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ការផ្លាស់ប្តូរទិន្នន័យកញ្ចប់បញ្ញើប្រៃសណីយ៍ ក្នុងទម្រង់អេឡិចត្រូនិក ដើម្បីគាំទ្រដល់កិច្ចដំណើរការនាំចេញ-នាំចូលនៃកញ្ចប់បញ្ញើប្រៃសណីយ៍។

លោកបណ្ឌិតក៏បានរំលេចថា វេទិកានេះ គឺជាផ្នែកមួយនៃយន្តការភាពជាដៃគូគយ និងវិស័យឯកជន ដើម្បីស្តាប់មតិយោបល់ និងបញ្ហាប្រឈម ដែល អគរ បានដោះស្រាយជូនវិស័យឯកជនជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១០ រហូតមក។

ក្នុងវេទិកានេះ ក៏មានបទបង្ហាញអំពីអនុសាសន៍ គោលនយោបាយពាណិជ្ជកម្មក្នុងសៀវភៅ «ស» ២០២៤(EuroCham White Book 2024), បទបង្ហាញអំពីបញ្ហាប្រឈមរបស់វិស័យឯកជន, និងបទបង្ហាញរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពីដំណើរឆ្ពោះទៅកាន់ឌីជីថល។ វេទិកានេះក៏ផ្តល់ឱកាសឱ្យអ្នកចូលរួមលើកឡើង នូវសំណួរឬចម្ងល់នានា ទៅកាន់វាគ្មិនកិត្តិយសនៃអង្គពិភាក្សា និងទទួលបានការឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ៕