(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ចំនួនអ្នកដំណើរនិងជើងហោះហើរ នៅអាកាសយានដ្ឋានសៀមរាបអង្គរបានកើនឡើងជាបន្តបន្ទាប់ ហើយនៅរដូវ​រងា​ចាប់ពីចុងខែតុលា ដល់ខែមីនា ចំនួនជើងហើរហោះនឹងកើនឡើងដល់ ៤០ជើងក្នុងមួយថ្ងៃ។

​លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅ​ទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា ​បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​បានកើនឡើងជាមធ្យមចំនួន ២៧០០នាក់ក្នុងមួយថ្ងៃ កើនឡើងប្រមាណមួយពាន់នាក់ បើធៀបនឹងកាលពីសប្តាហ៍មុន ដែលអាកាសយានដ្ឋានអន្តរជាតិថ្មី ទទួលបានអ្នកដំណើររង្វង់ជាមធ្យម ២៦០០នាក់ក្នុងមួយថ្ងៃ។

ចំណែកឯចំនួនជើងហើរហោះវិញ​មានចំនួន ៣៨ជើងក្នុងមួយ​ថ្ងៃកើនឡើង ៤ជើង បើធៀបនឹងកាលពីសប្តាហ៍មុន​ ដោយជើងហើរហោះទាំងនេះ ភាគច្រើនមកពីតំបន់អាស៊ាន និងចិន។

លោកបានឱ្យ​ដឹងថា ចំនួនជើងហោះហើរ​ត្រឡប់មកវិញ ឃើញថាមានកំណើនមធ្យម។ ចំពោះអ្នកដំណើរ គឺមានចម្រុះជាតិសាសន៍ ក្នុងនោះ អាស៊ាន៧៥% និងអឺរ៉ុប ២៥%។

លោកបន្តថា នៅរងា (Winter 2023) ពោលគឺចាប់ចុងខែតុលា ឆ្នាំ២០២៣ ដល់ខែមិនា ឆ្នាំ២០២៤ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនឡើងដល់ ​៤០ជើងក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនអាកាសចរណ៍នឹងកើនឡើងចន្លោះពី ៩ទៅ១០ក្រុមហ៊ុន។​

បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះ បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ចេញ និងចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១​។ ​

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការទទួលជើងហើរហោះជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ​ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០​៕