(ភ្នំពេញ)៖ បញ្ហាកង្វះទុន ការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប នៅតែជាបញ្ហាប្រឈម សម្រាប់សហគ្រិនជាច្រើននៅកម្ពុជា ដែលម្ចាស់សហគ្រាសធនតូន និងមធ្យម (SME) ទាំងនោះតែងតែលើកឡើងពីការលំបាក ក្នុងការធ្វើអាជីវកម្ម និងពង្រីកផលិតបន្ថែម។

ឆ្លើយតបនឹងការលើកឡើងនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) ដែលជាធនាគាររបស់រដ្ឋ បានសម្រេចបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំ ០.២៥% បន្ថែម ដើម្បីជួយសម្រួលការលំបាករបស់ម្ចាស់ SME ក្នុងការឱ្យម្ចាស់អាជីវកម្មទាំងនោះ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់យកទៅទប់លំនឹងអាជីវកម្ម និងពង្រីកអាជីវកម្មបន្ថែម។

ធនាគារ SME បានឱ្យដឹងថា បញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម ០.២៥% ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) ដើម្បីផ្តល់ការគាំទ្រដល់ SME ឲ្យបានទូលំទូលាយ។ ធនាគារ SME បាននឹងកំពុងចាប់ដៃគូសហការជាមួយសមាគម និងស្ថាប័នជាច្រើន ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព។

ការបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម ០.២៥% នេះសម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូប៉ុណ្ណោះ រួមមាន៖ សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សមាគមអ្នកផលិតចំណីអាហារកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សហគ្រិនខ្មែរ ក្រុមហ៊ុនបញ្ជីហ្វាញថេក ឯ.ក ក្រុមហ៊ុន អាហ្រ្គីប៊ី (ខេមបូឌា) ម.ក និងស៊ីអ៊ីអូម៉ាស្ទឺក្លឹប។

បណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបញ្ចុះអត្រាការប្រាក់នេះ គឺដើម្បីជួយសម្រួលការលំបាករបស់ម្ចាស់ SME ដើម្បីឱ្យម្ចាស់អាជីវកម្មទាំងនោះ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ព្រោះ SME បានដើរតួនាទីសំខាន់ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារ SME គឺជាស្ថាប័នរដ្ឋ ហេតុនេះគោលដៅនៃការរកប្រាក់ចំណេញមិនមែន ជាវត្ថុចំណងរបស់ធនាគារនោះទេ អ្វីដែលយើងចង់បាន គឺចូលរួមនៅការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការជួយដល់អាជីវកម្ម ដែលជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រោះ SME គឺជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជំរុញនូវនិរន្តរភាព និងការរីកចម្រើនសេដ្ឋកិច្ច»

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោករីករាយដែលធនាគារ SME បន្តទម្លាក់អត្រាប្រាក់បន្ថែម០.២៥% ព្រោះការផ្តល់នូវអត្រាការទាប មិនត្រឹមតែជួយដល់សហគ្រាស ឱ្យមានលទ្ធភាពទិញគ្រាប់ស្វាយចន្ទីស្តុកទុក និងកែច្នៃប៉ុណ្ណោះទេ ថែមទាំងជួយដល់កសិករថែមទៀតផង។

លោកថា សមាគមនឹងបន្តសហការបន្ថែមទៀត ដើម្បីឱ្យសហគ្រាសកែច្នៃស្វាយចន្ទីទាំង ៣១ មានលទ្ធភាពអាចទទួលបានកម្ចី។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានឱ្យដឹងផងដែរថា មកដល់ពេលមាន ក្នុងចំណោមសមាជិកសមាគមចំនួន ៣១សហគ្រាស ក្នុងនោះមាន សហគ្រាសមួយចំនួនបានទទួលការអនុម័តក្នុងចំនួន ២.៥លានដុល្លារ ក្នុងអត្រាការប្រាក់ ៥.៥% ក្នុងមួយឆ្នាំ។

តែទោះជាយ៉ាងណា សមាគមសំណូមពរឱ្យធនាគារបន្ធូបន្ថយលក្ខខណ្ឌមួយចំនួន ដែលមិនចាំបាច់ និងបង្កើនការផ្តល់សេវាឱ្យលឿនជាងមុនបន្តិច ដើម្បីកុំឱ្យហួសរដូវប្រមូលផលស្វាយចន្ទី នៅឆ្នាំ២០២៤ខាងមុខ។

លោកលើកឡើងបន្តថា «បើកាលណាយើងហួសពេល លំហូរនៃគ្រាប់ស្វាយចន្ទីឆៅ នឹងហូរទៅប្រទេសទៅប្រទេសជិតខាង។ ហើយបើយើងគ្មានលទ្ធភាពទិញឈ្មួញរបស់វៀតណាម នឹងទម្លាក់តម្លៃគ្រាប់ឆៅរបស់កសិករកម្ពុជាតាមចិត្ត។ ហេតុនេះហើយ ដើម្បីជួយកសិករកម្ពុជា មានតែផ្តល់លក្ខខណ្ឌសមរម្យ ដល់សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក ដើម្បីគាត់អាចមានលទ្ធភាពទិញគ្រាប់ឆៅស្តុកទុក សម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ»

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ធនាគារ SME តែងតែគិតគូរដល់សហគ្រិនស្រ្តី ដែលបានផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យសហគ្រិនស្រ្តីមានទុនសម្រាប់រៀបចំ និងពង្រីកអាជីវកម្ម។

លោកស្រីបន្តថា «ការបញ្ចុះអត្រាការប្រាក់នេះ សបញ្ជាក់ថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការជួយពង្រីកអាជីវកម្ម ដូច្នេះការបញ្ចុះអត្រាការប្រាក់នេះហើយ ទើបធ្វើឱ្យសហគ្រិនអាចទទួលបាននូវកម្ចី ក្នុងអត្រាការប្រាក់ទាប អាចយកមកពង្រីកអាជីវកម្មបានផងដែរ»។

កិច្ចប្រជុំពិគ្រោះយោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក លឹម អូន បានឱ្យដឹងផងថា ធនាគារ SME បាននិងកំពុងសិក្សាបន្ថែមទៅលើការផ្តល់កម្ចីដោយមិនយកទ្រព្យធានា ឬអាចយកទ្រព្យធានាជាចលនវត្ថុ ឬស្តុក លើកម្ចីទូទៅ ខណៈបច្ចុប្បន្ននេះធនាគារ SME ក៏មានផ្តល់កម្ចីមិនយកទ្រព្យធានាដែរ សម្រាប់កម្ចីក្រោម៥ម៉ឺនដុល្លារ។

ជាមួយគ្នានេះ ធនាគារ SME បាននិងកំពុងសិក្សាដំឡើងចំនួនកម្ចីដល់ ៣លានដុល្លារ ព្រោះកន្លងមក ធនាគារ SME បានផ្តល់កម្ចីទុនខ្ពស់បំផុតត្រឹម ៥០ម៉ឺនដុល្លារប៉ុណ្ណោះ និងបានដំឡើងដល់ ១លានដុល្លារ នៅឆ្នាំ ២០២៣នេះ។ តែយ៉ាងនេះក្តីការដំឡើងចំនួនកម្ចីដល់ ៣លានដុល្លារនេះ ផ្តល់តែសម្រាប់អាជីវកម្មមួយចំនួនប៉ុណ្ណោះ មិនផ្តល់ទូទៅនោះឡើយ។

បច្ចុប្បន្នធនាគារ SME មានសាខានៅ ខេត្តបាត់ដំបង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ ដើម្បីសម្រួលដល់អតិថិជនកាន់តែងាយស្រួល ធនាគារមានគោលដៅពង្រីកបណ្តាញសាខា៣បន្ថែមទៀត នៅខេត្តកំពត បន្ទាយមានជ័យជាដើម។

សូមជម្របថា ធនាគារ SME ផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៥.៨៨% និង ៦.៨៨% ក្នុងមួយឆ្នាំសម្រាប់វិស័យអាទិភាព និងផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ថេរត្រឹម ៧.៥% សម្រាប់វិស័យធម្មតា។ ការផ្ដល់កម្ចីជាមួយអត្រាការប្រាក់សម្បទានបំផុត ពោលត្រឹម ៥.៥% សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី ប្រសិនបើសហគ្រាសទាំងនោះចុះបញ្ជីត្រឹមត្រូវ និងស្ថិតក្នុងវិស័យអាទិភាព៕