(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានចុះកិច្ចព្រមព្រៀង ស្ដីពីតំណភ្ជាប់ប្រព័ន្ធផ្ដល់លេខអត្តសញ្ញាណ វិនិយោគតាមអនឡាញ របស់និយ័តករមូលបត្រកម្ពុជា និងប្រព័ន្ធបើកគណនីជួញដូរ មូលបត្រតាមអនឡាញ របស់ផ្សារមូលបត្រកម្ពុជា។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា។
លោក ស៊ូ សុជាតិ បានឲ្យដឹងថា កិច្ចព្រមព្រៀងលើការផ្ដល់លេខអត្តសញ្ញាណ វិនិយោគតាមអនឡាញ និងបើកគណនីជួញដូរមូលបត្រតាមអនឡាញ ពិតជាផ្ដល់ភាពងាយស្រួល ចំណេញពេលវេលាដល់សាធារណជន ក្នុងការជួញដូរ ដោយមិនចាំបាច់រង់ចាំ គ្រាន់តែសាធារណជនមានគណនីធនាគារ មានទឹកប្រាក់គ្រប់គ្រាន់ អាចជួញដូរភ្លាម គ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកបានបញ្ជាក់ថា «សមិទ្ធផលថ្មីនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួល ដល់សាធារណជនក្នុងប្រទេសនោះទេ អ្វីដែលសំខាន់ គឺអាចសម្រួល និងទាក់ទាញវិនិយោគិនមកបរទេសចូលទីផ្សារកម្ពុជា បានគ្រប់ពេលវេលា នេះជាចំណុចរបត់ដ៏សំខាន់មួយ ក្នុងវិស័យមូលបត្រ»។

លោក ស៊ូ សុជាតិ បានបន្ថែមថា ការតភ្ជាប់ប្រព័ន្ធនេះ ត្រូវបានបង្កើតដោយរួមបញ្ចូលគ្នា នូវផ្ដល់ប្រព័ន្ធស្គាល់អតិថិជន សម្រាប់ក្រុមហ៊ុនមូលបត្រ, ប្រព័ន្ធផ្ដល់លេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញរបស់និយ័តករមូលបត្រកម្ពុជា និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ របស់ផ្សារមូលបត្រ ឱ្យស្ថិតនៅក្រោមប្រព័ន្ធតែមួយ។

លោកបានបញ្ជាក់ថា សម្រាប់ប្រព័ន្ធតភ្ជាប់នេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់សាកល្បងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកម្មវិធី «My first Stock ឆ្នាំ២០២៣» ខាងមុខនេះ។

លោក ហុង សុហួរ បានថ្លែងថា កិច្ចព្រមព្រៀងលើការផ្ដល់លេខអត្តសញ្ញាណវិនិយោគតាមអនឡាញ និងបើកគណនីជួញដូរមូលបត្រតាមអនឡាញ នឹងជួយជំរុញបន្ថែមទៀតលើការវិនិយោគ ក្នុងផ្សារមូលបត្រ និងស្វាគមន៍រាល់អ្នកវិនិយោគិនទាំងអស់ ដែលមានបំណងចង់ចូលរួមវិនិយោគ និងសម្រួលភាពងាយស្រួល ក្នុងការវិនិយោគដល់សាធារណជន គ្រប់ពេលវេលាគ្រប់ទីកន្លែងមិនថា វិនិយោគិននៅក្រៅប្រទេស ឬក្នុងប្រទេសឡើយ។

លោកបន្ដថា គិតត្រឹមចុងឆ្នាំ២០២២ ចំនួនអ្នកបើកគណមានជាង ៣ម៉ឺនគណនី ហើយបើតាមការព្យាករណ៍ដាច់ឆ្នាំ២០២៣ នឹងមានអ្នកបើកគណនីជាង ១ម៉ឺនគណនីបន្ថែមទៀត។ ដោយឡែកសម្រាប់ឆ្នាំ២០២៤ វិញយើងរំពឹងថា នឹងទទួលបានអ្នកបើកគណនីរហូតដល់ ៣-៥ម៉ឺនគណនី ដោយសារតែការបើកគណនីនៅតែបន្ដកើនឡើង បូករួមជាមួយនឹងការដាក់ដំណើរការ ការផ្ដល់លេខអត្តសញ្ញាណវិនិយោគ និងបើកគណនីជួញដូរមូលបត្រ តាមអនឡាញ ដែលផ្ដល់ភាពងាយស្រួល និងឆាប់រហ័ស ដូច្នេះការបើកគណនី៣-៥ម៉ឺនគណនីនេះ មិនមែនជាការលំបាកនោះទេ។

លោកបានបន្ដថា ដោយឡែកចំពោះទំហំជួញដូរនៅអំឡុង ២ខែចុងក្រោយនេះ មានការថយចុះបន្ដិច ស្ថិតក្រោម ២០ម៉ឺនដុល្លារជាមធ្យមក្នុងមួយថ្ងៃ ខណៈប្រមាណជា ៧ខែមុនហក់ដល់ជិត ៣០ម៉ឺនដុល្លារ ជាមធ្យមក្នុងមួយថ្ងៃ ទោះបីជាមានទំនោរថយចុះបន្ដិចក្ដីតែយើងរំពឹងថា ខាងមុខទំហំជួញដូរនឹងអាចជំរុញបន្ថែម តាមរយៈការចូលរួមជាច្រើនពីវិនិយោគិន៕