(ក្រុងម៉ារ៉ាកេស)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកបានប្រាប់សមភាគីមកពីក្រុមប្រទេស G20 ថា រដ្ឋាភិបាលក្រុងតូក្យូអាចត្រូវចាត់ «វិធានការសមស្រប» ក្នុងទីផ្សារប្តូរប្រាក់បរទេស ខណៈការរឹតបន្តឹងវិធានការរូបិយវត្ថុពិភពលោក អាចបង្កើនការប្រែប្រួលតម្លៃរូបិយប័ណ្ណ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលើកឡើងនេះ បានធ្វើឡើងនៅពេលដែលប្រាក់យ៉េន បានបន្តការធ្លាក់ចុះថៃ្លធៀបនឹងប្រាក់ដុល្លារ និងបានគូសបញ្ជាក់ពីដំណោះស្រាយរបស់រដ្ឋាភិបាលក្រុងតូក្យូ ក្នុងការធ្វើអន្តរាគមន៍អត្រាប្តូរប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណយ៉េន។

លោក Suzuki ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រី និងទេសាភិបាលធនាគារកណ្តាល របស់ក្រុមប្រទេស G20 ថា៖ «ខ្ញុំបានប្រាប់ទៅកិច្ចប្រជុំ G20 ថា យើងត្រូវគិតគូរពីហានិភ័យ ដែលការប្រែប្រួលទីផ្សារអាចបង្កឡើង រួមទាំងនៅក្នុងទីផ្សាររូបិយប័ណ្ណផងដែរ ដោយសារការរឹតបន្តឹងវិធានការរូបិយវត្ថុ នៅតែបន្តធ្វើឡើងជាសកល»។

លោក Suzuki បានមានប្រសាសន៍ថា៖ «ខ្ញុំក៏បាននិយាយផងដែរថា ការប្រែប្រួលលើសលប់នៅក្នុងទីផ្សាររូបិយប័ណ្ណ គឺជាអ្វីដែលយើងមិនចង់បាន ហើយយើងប្រហែលជាត្រូវចាត់វិធានការសមស្របអាស្រ័យ លើសភាពការវិវឌ្ឍ»។

ប្រាក់ដុល្លារបានឡើងថ្លៃ ដោយសារទិន្នន័យអតិផរណាដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដោយសារការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាកាន់តែខ្ពស់ ក្នុងរយៈពេលកាន់តែយូរ។

ប្រាក់ដុល្លារត្រូវបានជួញដូរក្នុងតម្លៃ ១៤៩,៥៣យ៉េន ក្នុងមួយដុល្លារកាលពីថ្ងៃសុក្រ។

មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលក្រុងតូក្យូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពនៅក្នុងទីផ្សាររូបិយប័ណ្ណ ប្រសិនបើការប្រែប្រួលទីផ្សារ មានសភាពខ្លាំងក្លាពេក។

ការធ្លាក់ចុះថ្លៃប្រាក់យ៉េនជំរុញការនាំចេញរបស់ជប៉ុន ប៉ុន្តែក៏ជំរុញឱ្យមានកំណើនតម្លៃនាំចូលប្រេងឥន្ធនៈ និងវត្ថុធាតុដើមផងដែរ ដែលធ្វើឱ្យអ្នកបង្កើតគោលនយោបាយក្រុងតូក្យូឈឺក្បាល។ ប្រទេសជប៉ុនបានធ្វើអន្តរាគមន៍ចុងក្រោយ នៅក្នុងទីផ្សាររូបិយប័ណ្ណ ដើម្បីជំរុញតម្លៃប្រាក់យ៉េនកាលខែកញ្ញា និងខែតុលាឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕