(ភ្នំពេញ)៖ កសិដ្ឋាន Cambodia Fresh Farm ដែលចិញ្ចឹមត្រី «ទីឡាព្យ៉ា» យកសាច់លក់រំពឹងថា នៅឆ្នាំក្រោយនេះ នឹងអាចនាំចេញទីឡាព្យ៉ា ទៅកាន់ទីកាន់ទីជប៉ុន និងអឺរ៉ុប។

សាច់ត្រីទីឡាព្យ៉ាដែលផលិតដោយសិប្បកម្ម Cambodia Fresh Farm បានប្រើប្រាស់បច្ចេកទេសជប៉ុន មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីជប៉ុន និងទទួលបានជំនួយបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ ដើម្បីផ្តល់ជំនាញនៅក្នុងការផលិតសាច់ត្រីទីឡាព្យ៉ាគុណភាពខ្ពស់ ដែលមានលក្ខណៈពាណិជ្ជកម្ម។

លោក ចាវ សួស្តី ម្ចាស់សិប្បកម្ម Cambodia Fresh Farm បានឱ្យដឹងថា ដើម្បីឱ្យត្រីមានគុណភាពល្អ ទាំងការចិញ្ចឹម និងការកែច្នៃ គឺធ្វើឡើងតាមស្តង់ដារជប៉ុន ដោយគោលដៅរបស់កសិដ្ឋាន គឺចិញ្ចឹមដើម្បីនាំចេញទៅទីផ្សាអន្តរជាតិ។

លោកបានលើកឡើងថា «ខ្ញុំសង្ឃឹម១០០% ថាឆ្នាំ២០២៤នេះ នឹងអាចនាំចេញទៅក្រៅប្រទេស ព្រោះបច្ចុប្បន្នខ្ញុំយកផលិតផលសាកល្បងទៅប្រទេសជប៉ុន គឺពួកគាត់សប្បាយចិត្ត និងរង់ចាំផលិតផលរបស់កម្ពុជាមួយនេះ»

បើតាម លោក ចាវ សួស្តី ត្រីទីឡាព្យ៉ា ដែលកសិដ្ឋាននេះបានចិញ្ចឹម គឺជាប្រភេទពូជត្រីក្នុងស្រុក ដោយប្រើរយៈពេលចិញ្ចឹម ៦ ខែ ទើបចាប់ផ្តើមចាប់លក់។ ត្រីដែលបានចាប់ក្នុង១ក្បាល គឺមានទម្ងន់ចន្លោះពី ៥០០ ទៅ៦០០ ក្រាម ដោយមិនទុកឱ្យវាធំជាងនេះទេ ពីព្រោះបើវាធំពេកធ្វើឱ្យសាច់ត្រីមានខ្លាញ់ច្រើនពេក និងមានជាតិទឹកច្រើនពេក ដែលអាចធ្វើឱ្យសាច់ត្រីបាត់បង់រសជាតិ។

ដោយឡែកការច្នៃវិញ មុនពេលយកត្រីទៅកែច្នៃយកសាច់ គឺត្រូវចាប់ត្រីចេញពីស្រះ បន្ទាប់មករក្សាទុកត្រីនៅក្នុងទឹកស្អាតរយៈពេល ៣ ថ្ងៃ ដើម្បីឱ្យបាត់ធុំក្លិនដី និងបាត់ធុំក្លិនចំណីត្រីទើបធ្វើការកែច្នៃ។

កសិដ្ឋានក៏មានម៉ាស៊ីនបង្កក និងទឹកសម្លាប់មេរោគដែលនាំចូលមកពីប្រទេសជប៉ុនដែរ។ ហេតុនេះហើយទើបធ្វើឱ្យសាច់ត្រីមានគុណភាព និងមានសុវត្ថិភាពខ្ពស់ និងអាចទទួលឆៅបាន។

លោក Mitsuhiro Kubota ប្រធានគ្រប់គ្រងទូទៅនៃកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm បានថ្លែងថា ត្រីទីឡាព្យ៉ា មានរសជាតិឆ្ងាញ់ដូចត្រីម្យ៉ាង ដែលល្បីនៅក្នុងប្រទេសជប៉ុន ដែលអាចនាំចេញទៅប្រទេសជប៉ុន និងប្រទេសផ្សេងទៀតបាន។

កសិដ្ឋាន Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល។ ក្នុងមួយខែៗ កសិដ្ឋាននេះ អាចរកចំណូលបានពីការលក់សាច់ត្រីចន្លោះពី៤ពាន់ ទៅ៥ពាន់ដុល្លារ។ ត្រីទីឡាព្យ៉ារបស់កសិដ្ឋានេះ កំពុងទទួលបានកាគាំទ្រពីប្រជាជនខ្មែរ និងជនបរទេស ហើយក៏កំពុងទទួលបានការបញ្ជាទិញកាន់តែច្រើន ពីអតិថិជនជាជនបរទេសផងដែរ។

បច្ចុប្បន្នកសិដ្ឋានរបស់មានស្រះចិញ្ចឹមត្រីចំនួន ២១ស្រះ ដោយស្រះនីមួយៗមានទំហំប្រមាណ ៤០ ម៉ែត្រ x ៤០ ម៉ែត្រ ហើយស្រះនីមួយៗ ចិញ្ចឹមកូនត្រីទីឡាព្យ៉ាប្រមាណ ១ម៉ឺនក្បាល និងទទួលផលបានប្រមាណ ៣ តោនក្នុងស្រះនីមួយៗ។

បើតាមនាយកប្រតិបត្ដិនៃកសិដ្ឋាន Cambodia Fresh Farm ក្រុមហ៊ុនមានផលិតផលសំខាន់ៗចំនួន៤ រួមមាន៖
* សាច់ត្រីស្រស់ និងសាច់ត្រីបង្កក៖ សាច់ត្រីទីឡាព្យ៉ាស្រស់បង្កក ដែលអាចទទួលទានបានភ្លាមៗ ជាមួយសាស៊ីមី ងាយស្រួលចម្អិន។
* សាច់ត្រីទីឡាព្យ៉ាឆ្អិនស្ទើរ៖ សាច់ត្រីទីឡាព្យ៉ាអត់ឆ្អឹង ហាលស្ងួត កំដៅបន្តិចអាចញ៉ាំបានភ្លាម ជាពិសេសអាហារពេលព្រឹក។
* ត្រីបំពងណាន់ហ្គុឃីដៃ៖ សាច់ត្រីទីឡាព្យ៉ាបកស្បែក អត់ឆ្អឹង បំពងស្រួយជាមួយម្សៅនំប៉័ង។ អាចប្រើប្រាស់ជាអាហារសម្រន់ ស្នូលសាំងវិច បឺហ្គ័រសាច់ ជាដើម។
* ត្រីឆ្អើរ៖ ញាំបានភ្លាម ត្រីឆ្អើរទីឡាព្យ៉ាមានរសជាតិ កាន់តែឆ្ងាញ់ដោយបន្ថែមម្រេចគ្រប់មុខ គ្រប់រសជាតិ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Rainbow Progress Enterprises Co., Ltd ជាអ្នកបង្កើតកសិដ្ឋានវារីវប្បកម្មនេះ ឡើងក្នុងឆ្នាំ២០១៦ ដើម្បីចិញ្ចឹមត្រីទីឡាព្យ៉ាយកសាច់លក់ ដែលមានម្ចាស់វិនិយោគជាជនជាតិជប៉ុន និងទទួលបានជំនួយបចេ្ចកទេសពីទីភ្នាក់ងារ សហប្រតិបត្ដិការអន្ដរជាតិ នៃប្រទេសជប៉ុន (JICA)។

កសិដ្ឋានវារីវប្បកម្មនេះ បានទទួលការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) ដែលជាកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ។

តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm រំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្រ HACCP និងពង្រីកចំណែកទីផ្សារក្នុងស្រុក អាចនាំចេញផលិតផលទៅកាន់ទីផ្សារ ប្រទេសជប៉ុន និងសហភាពអ៉ឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត៕