(ភ្នំពេញ)៖ ការផ្ទុះសង្រ្គាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងរដ្ឋាភិបាលអ៊ីស្រាអែល មានរយៈពេលមួយសប្តាហ៍ហើយ​ ដែលគេកត់សម្គាល់ថា បន្ទាប់ពីការផ្ទះសង្រ្គាមរវាងភាគីទាំងពីរ បានធ្វើឱ្យតម្លៃទំនិញឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេសតម្លៃប្រេងឥន្ទនៈ និងតម្លៃមាស។

អ្នកជំនាញបានលើកឡើងថា សង្រ្គាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងរដ្ឋាភិបាលអ៊ីស្រាអែល នឹងអាចជះឥទ្ធិពលជាប្រយោលមកដល់កម្ពុជា។

លោក ង៉ែត ជូ អ្នក​វិភាគហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានលើកឡើងថា សង្រ្គាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល បានជំរុញឱ្យថ្លៃប្រេងឥន្ធនៈ នៅលើពិភពលោកឡើងថ្លៃ ហើយកាលណា​តម្លៃ​ប្រេង នៅលើទីផ្សារអន្តរជាតិមានតម្លៃខ្ពស់ នោះ​តម្លៃលក់ប្រេងនៅកម្ពុជា ក៏មានការកើនខ្ពស់ដែរ​ ព្រោះកម្ពុជាជាប្រទេសដែលនាំចូលប្រេងឥន្ទនៈ​១០០%។ ​ហេតុនេះហើយ ការឡើងថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក​ នឹងមានឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលគ្រប់ប្រតិបត្តិការផលិតកម្ម ពាណិជ្ជកម្មសុទ្ធតែត្រូវការប្រេងឥន្ទនៈ។

ជាមួយគ្នានេះ លោកបារម្ភថា សហរដ្ឋអាមេរិកនឹងបន្តការដំឡើងអត្រាការប្រាក់​ ដែលនឹងធ្វើឱ្យតម្លៃឥណទាននៅកម្ពុជា ​មានអត្រាការប្រាក់ខ្ពស់ ​។ កត្តានេះនឹងផលផលពិបាកដល់វិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋមកកម្ចីនោះមកវិនិយោគ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច និងស្វែងរកប្រាក់ចំណេញ។

លោកបន្តថា «ចង់មិនចង់ យើងជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោកទាំងមូល ហេតុនេះយើងនឹងទទួលរងផលប៉ះពាល់ ដូចបណ្តាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក»

លោកបានលើកឡើងទៀតថា បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក ការឡើងកម្តៅចិន-តៃវ៉ាន់ សង្គ្រាមរុស្សី-អ៊ុយក្រែន ឥឡូវដល់បញ្ហាថ្មីមួយទៀត គឺសង្រ្គាមនៅអ៊ីស្រាអែល។ បញ្ហាថ្មីនេះអាចបង្កើតនូវប្លុក ឬសម្ព័ន្ធភាពដ៏គ្រោះថ្នាក់ថ្មីមួយ គឺរុស្សី-ចិន-អ៊ីរ៉ង់។ ប្រសិនបើប្លុកថ្មីនេះកើតឡើង រុស្សីបើកយុទ្ធនាការវាយលុកនៅអ៊ុយក្រែន អ៊ីរ៉ង់បើកយុទ្ធនាការវាយលុកនៅអ៊ីស្រាអែល ចិនរៀបយុទ្ធនាការវាយលុកនៅតៃវ៉ាន់ នោះហានិភ័យធំៗ របស់សេដ្ឋកិច្ចពិភពលោកនឹងបន្តអូសបន្លាយ ដែលទី១៖ នឹងធ្វើឱ្យតម្លៃប្រេងអាចនឹងបន្តឡើងថ្លៃ ដោយសារការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ។ ទី២. អត្រាការប្រាក់បន្តមានអត្រាខ្ពស់ក្នុងរយៈពេលវែង។ កត្តាទាំង២ ខាងលើនឹងបង្កើននូវអតិផរណា (ការឡើងថ្លៃ​នៃទំនិញ និងសេវាកម្ម។

​​យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនានា បានបង្ហាញតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់។ តម្លៃប្រេងបានកើនឡើងជិត ៤% កាលពីថ្ងៃចន្ទបន្ទាប់ពីការវាយប្រហារ​របស់ក្រុមហាម៉ាស មលកលើប្រទេសអ៊ីស្រាអែល ដោយបាននាំមកនូវអស្ថិរភាពជាថ្មីដល់មជ្ឈិមបូព៌ា ដោយប្រេងប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ៨៧.៦៥ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងប្រភេទ West Texas Intermediate ជួញដូរក្នុងតម្លៃ ៨៦​.១៥ដុល្លារក្នុងមួយបារ៉ែល។

លោក Ed Morse អ្នកវិភាគមកពីក្រុមហ៊ុន Citigroup Inc. បាននិយាយថា ផលប៉ះពាល់នៃជម្លោះនៅប្រទេសអ៊ីស្រាអែល ​នឹង​ជះឥទ្ធិពលដល់ទីផ្សារប្រេងមានរយៈពេលវែង។ លោកបានលើកឡើងពីហានិភ័យដែលអារ៉ាប៊ីសាអូឌីត ប្រហែលជាមិនបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មរបស់ខ្លួន ដូចដែលមានការរំពឹងទុកមួយចំនួនទេ។

​ក្រៅពីកើនឡើងគួរឱ្យបារម្ភនៃតម្លៃប្រេង តម្លៃមាសក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីផ្ទុះសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានធ្វើឱ្យតម្លៃហាងឆេងមាស នៅលើទីផ្សារអន្តរជាតិហក់ឡើងជាបន្តបន្ទាប់។​

លោកបានគូសបញ្ជាក់ថា ​ក្រោយផ្ទុះអាវុធដំបូង​នៅថ្ងៃសៅរិ៍ទី៧ ធ្វើឱ្យតម្លៃហាងមាស​នៅថ្ងៃចន្ទ បានកើនឡើងដល់ ១៨៥០ដុល្លារ ក្នុងមួយឱន ខណៈកាលពីថ្ងៃសុក្រទី៦ ខែតុលា មុនពេលក្រុមហាម៉ាសបើកការវាយប្រហារ នៅប្រទេសអ៊ីស្រាអែល តម្លៃហាងឆេងក្នុងពេលបិទទីផ្សារនៅតម្លៃ ១៨២៨ដុល្លារប៉ុណ្ណោះ ពោលគឺកើនឡើងប្រមាណ២០ដុល្លារក្នុងមួយឱន។ មកដល់ល្ងាចថ្ងៃទី១១ ខែតុលា តម្លៃមាសបានចាប់ផ្តើមហក់ឡើង​រហូតដល់១៨៧០ដុល្លារហើយ។

លោកបានឱ្យដឹងទៀតថា «សង្រ្គាមមួយនេះជឿជាក់ថា នឹងអូសបន្លាយទៅបន្តិចទៀត រង់ចាំដំណោះស្រាយណាមួយ ដែលល្អប្រសើរ សម្រាប់ទីផ្សារខ្ញុំជឿជាក់ថា វានឹងបន្តឡើងទៅទៀត អាចរហូតទៅដល់១៩០០ដុល្លារក្នុងមួយឱន»

ចំណែកតម្លៃហាងឆេងមាសនៅកម្ពុជាវិញ កាលពីថ្ងៃសុក្រទី ៦តុលា មានតម្លៃ ២២១ដុល្លារក្នុងមួយ ឬ២២១៕