(ក្រុងម៉ារ៉ាកេស)៖ ប្រទេសចិនបានឈានដល់កិច្ចព្រមព្រៀងបំណុលបណ្តោះអាសន្នមួយជាមួយស្រីលង្កា ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងម្ចាស់បំណុលផ្សេងទៀតកំពុងរៀបចំពិភាក្សាជាមួយប្រជាជាតិអាស៊ីខាងត្បូងនេះ។ កិច្ចព្រមព្រៀងរវាងស្រីលង្កានិងចិននេះបង្កឱ្យ IMF មានការភ្ញាក់ផ្អើល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រសួងការបរទេសចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងរវាងធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងប្រទេសស្រីលង្កាបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីចុងខែមុន តែក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះឡើយ។

មូលនិធិ IMF សមាជិកក្លឹបប៉ារី (Paris Club) រួមមានទាំងប្រទេសជប៉ុន និងម្ចាស់បំណុលផ្សេងទៀតដូចជាឥណ្ឌាត្រូវបានរំពឹងថានឹងបើកកិច្ចពិភាក្សានៅសប្តាហ៍នេះក្នុងប្រទេសម៉ារ៉ុកស្តីពីផែនការរៀបចំបំណុលឡើងវិញ។ ប្រទេសចិនដែលមិនមែនជាផ្នែកមួយនៃក្រុមម្ចាស់បំណុលនេះ ទោះបីជាប្រទេសនេះជាម្ចាស់បំណុលធំបំផុតមួយរបស់ស្រីលង្កាក្ដី បាននិងកំពុងបន្តការចរចាទ្វេភាគីជាមួយប្រទេសអាស៊ីខាងត្បូងមួយនេះ។

លោក Peter Breuer ប្រធានបេសកកម្មជាន់ខ្ពស់នៃមូលនិធិ IMF ទទួលបន្ទុកធ្វើការងារជាមួយស្រីលង្កាបាននិយាយថា បើទោះជាមូលនិធិ IMF បានដឹងថា ពិភាក្សានានាកំពុងធ្វើឡើងជាមួយម្ចាស់បំណុលក្ដី «ក៏យើងមិនទាន់ត្រូវបានជូនដំណឹងអំពីកិច្ចព្រមព្រៀងជាក់លាក់ណាមួយទេ»។ លោកបាននិយាយថា IMF នឹងត្រូវ «វាយតម្លៃកញ្ចប់កិច្ចព្រមព្រៀងទាំងមូលដើម្បីវាយតម្លៃភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលដៅបំណុលរបស់ IMF»។

មន្ត្រីមកពីប្រទេសម្ចាស់បំណុលចំនួនពីរ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ពួកគេមិនត្រូវបានជូនដំណឹងអំពីលក្ខខណ្ឌ និងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលស្រីលង្កាសម្រេចបានជាមួយប្រទេសចិននោះទេ។

ប្រភពមួយក្នុងចំណោមអ្នកទាំងពីរនេះបាននិយាយថា កិច្ចព្រមព្រៀងបឋមរវាងស្រីលង្កានិងចិននេះមិនត្រូវបានរំពឹងថានឹងផ្លាស់ប្តូរកិច្ចប្រឹងប្រែងរបស់គណៈកម្មាធិការម្ចាស់បំណុលផ្លូវការក្នុងការព្យាយាមសម្រេចបានកិច្ចព្រមព្រៀងបំណុលនៅទីក្រុងម៉ារ៉ាកេស (Marrakech) ដែលនឹងរួមបញ្ចូលវិធានការការពារដើម្បីបង្ការលក្ខខណ្ឌទូទាត់ដែលមានលក្ខណៈអំណោយផលដល់ប្រទេសចិននោះឡើយ។

មន្ត្រីឥណ្ឌាមួយរូបដែលចូលរួមក្នុងកិច្ចពិភាក្សាអំពីបំណុលនេះបាននិយាយថា ទីក្រុងញូវដែលីបាននិងកំពុងជំរុញឱ្យមានការប្រព្រឹត្តដោយស្មើភាព និងយុត្តិធម៌នៅក្នុងផែនការរៀបចំបំណុលឡើងវិញ ហើយសង្ឃឹមថា ម្ចាស់បំណុលទាំងអស់មានតម្លាភាពនៅក្នុងវិធីសាស្រ្តរបស់ពួកគេ។

យោងតាមការប៉ាន់ស្មានពី IMF បានឱ្យដឹងថា ស្រីលង្កាជំពាក់បំណុលចិនប្រហែល ៤០% នៃបំណុលទ្វេភាគីរបស់ខ្លួន និងជំពាក់ឥណ្ឌា ១៦%។ ការឈានដល់កិច្ចព្រមព្រៀងបានឆាប់រហ័សជាមួយម្ចាស់បំណុលនឹងអនុញ្ញាតឱ្យស្រីលង្កាបន្តទទួលបានមូលនិធិពីកម្មវិធីសង្គ្រោះទំហំ ៣ពាន់លានដុល្លាររបស់ខ្លួនជាមួយមូលនិធិ IMF៕