(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim គ្រោងនឹងរឹតបន្តឹងវិធានការសារពើពន្ធនៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំទីពីរគិតចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រី ខណៈដែលព្យាយាមកាត់បន្ថយបំណុលសាធារណៈតាមរយៈបន្ថយការឧបត្ថម្ភធន ដែលបានធ្វើឡើងជាច្រើនទសវត្សរ៍មកហើយនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

យោងតាមសេដ្ឋវិទូភាគច្រើន ដែលត្រូវបានអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg មុនពេលមានការបង្ហាញថវិកាប្រចាំឆ្នាំនៅថ្ងៃសុក្រសប្តាហ៍នេះ លោក Anwar ដែលក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ ប្រហែលជានឹងបង្កើនការចំណាយនៅក្នុងឆ្នាំសារពើពន្ធ គិតចាប់ពីខែមករា ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីទំនងជាកំណត់គោលដៅបង្រួមឱនភាពសារពើពន្ធ ពោលគឺគម្លាតរវាងប្រាក់ចំណូល និងការចំណាយ មកនៅត្រឹម ៤,២៨% នៃផលិតផលក្នុងស្រុកសរុបពីប្រមាណ ៥% នៅឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីលោក Rafizi Ramli បានឱ្យដឹងថា ខណៈពេលដែលរដ្ឋាភិបាលកំពុងពិចារណាបញ្ចប់ការឧបត្ថម្ភធន ហើយងាកមកអនុវត្តការផ្តល់ជំនួយតាមគោលដៅវិញ ដើម្បីកាត់បន្ថយឱនភាពសារពើពន្ធនោះ អ្នកឆ្លើយតបក្នុងការអង្កេតរបស់ Bloomberg បានឱ្យដឹងថា លោក Anwar ក៏ទំនងជានឹងពឹងផ្អែកលើការទូទាត់ភាគលាភពីក្រុមហ៊ុនប្រេងរដ្ឋ Petroliam Nasional Bhd និងវិធានការនានា ដើម្បីជំរុញការអនុលោមភាពពន្ធ ដើម្បីបិទបញ្ចប់ឱនភាពផងដែរ។

ផែនការចំណាយប្រចាំឆ្នាំ២០២៤ នឹងត្រូវមានភាពស្របគ្នារវាងលំហរសារពើពន្ធ ដែលមានកម្រិតរបស់ម៉ាឡេស៊ីជាមួយនឹងមហិច្ឆតារបស់ប្រទេស ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងទសវត្សរ៍នេះ។ យោងតាមលោករដ្ឋមន្ត្រី Rafizi ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់តែជនក្រីក្របំផុត ដែលខ្វះខាតបំផុតនឹងសល់សាច់ប្រាក់យ៉ាងតិចពី ១ពាន់លានដុល្លារទៅ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាប្រាក់ដែលរដ្ឋាភិបាលអាចប្រើប្រាស់ សម្រាប់ការចំណាយលើការអភិវឌ្ឍន៍។

លោក Rafizi បានឱ្យដឹងនៅដើមខែនេះថា រដ្ឋាភិបាលម៉ាឡេស៊ីនៅទីបំផុតគ្រោងនឹងបន្ថយឱនភាពថវិកាឱ្យមកនៅត្រឹម ៣,៥% នៃ ផ.ស.ស នៅឆ្នាំ២០២៥។ ការសម្រេចបាននូវគោលដៅនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយអនុបាតបំណុលធៀបនឹង ផ.ស.ស ពី ៦៣% នាពេលបច្ចុប្បន្នមកនៅត្រឹម ៦០%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕