(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងព្យាយាមសម្រេចឱ្យបានកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី២០ ខែតុលា ស្តីពីពាណិជ្ជកម្មដែកនិងអាលុយមីញ៉ូម ដែលនឹងបញ្ចៀសការដកហូតពន្ធគយសម័យលោក ដូណាល់ ត្រាំ ឡើងវិញលើពាណិជ្ជកម្មឆ្លងដែនសមុទ្រអាត្លង់ទិកតម្លៃរាប់ពាន់លានដុល្លាររបស់សម្ព័ន្ធមិត្តទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រភពដែលបានដឹងការពិភាក្សានេះថា មន្ត្រីជាន់ខ្ពស់សេតវិមាននិងគណៈកម្មាការអឺរ៉ុបកំពុងចរចាកិច្ចព្រមព្រៀងនយោបាយបណ្ដោះអាសន្នមួយដែលនឹងគ្របដណ្តប់លើផែនការសំខាន់ពីរនៃកិច្ចព្រមព្រៀងដែកនិងអាលុយមីញ៉ូមសកល ដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបាននិងកំពុងចរចាតាំងពីឆ្នាំ២០២១មក។ ផែនការទាំងពីរនេះគឺការដោះស្រាយបញ្ហាលើសសមត្ថភាពមិនមែនទីផ្សារ និងការបំភាយកាបូន។

កិច្ចព្រមព្រៀងនេះនឹងមិនមែនជាកិច្ចព្រមព្រៀងមានកាតព្វផ្នែកច្បាប់នោះទេ ហើយត្រូវបានពិភាក្សាឡើងដើម្បីស្វែងរកការដោះស្រាយជម្លោះដែលបានចាប់ផ្តើមនៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធលើការនាំចូលលោហធាតុពីអឺរ៉ុបដោយសម្អាងលើហានិភ័យដល់សន្តិសុខជាតិ។ ការខកខានក្នុងការឈានដល់កិច្ចព្រមព្រៀងនៅត្រឹមថ្ងៃទី៣១ ខែតុលា មានន័យថា ការដកហូតពន្ធលើការនាំចេញដែកនិងអាលុយមីញ៉ូមតម្លៃ ១០ពាន់លានដុល្លាររវាងអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងចូលជាធរមានដោយស្វ័យប្រវត្តិនៅដើមឆ្នាំ២០២៤។

យោងតាមប្រភពដដែលដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ Bloomberg ថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះកំពុងព្យាយាមសម្រេចឱ្យបានកិច្ចព្រមព្រៀងនយោបាយមួយ ពីព្រោះពួកគេមិនគិតថាមានពេលវេលាគ្រប់គ្រាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងផ្លូវការត្រឹមកាលបរិច្ឆេទកំណត់ឡើយ។

សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥% លើការនាំចូលដែកថែបចាប់តាំងពីឆ្នាំ២០១៨ ហើយជាការឆ្លើយតប សហភាពអឺរ៉ុបដកហូតពន្ធគយក្នុងអត្រាដូចគ្នាវិញលើផលិតផលដែកអាមេរិកដោយសម្អាងថាជាវិធានការការពារខ្លួន៕