(សិង្ហបុរី)៖ របាយការណ៍របស់រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីបានកើនឡើងដល់ប្រហែល ៧៧ពាន់លានដុល្លារ ឬ ១៧,៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ហើយគួរតែបន្តជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីសេដ្ឋកិច្ចឌីជីថលដំបូងរបស់សិង្ហបុរីដែលចេញផ្សាយរួមគ្នាដោយអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) និងសាកលវិទ្យាល័យជាតិសិង្ហបុរីថា ការប្រើប្រាស់បច្ចេកវិទ្យា cloud computing និងបញ្ញាសិប្បនិម្មិតពីសំណាក់ក្រុមហ៊ុនអាជីវកម្មបានលេចធ្លោជាងគេក្នុងចំណោមការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាផ្សេងៗក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។

របាយការណ៍ដដែលនេះបានបង្ហាញថា វិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍គឺជាវិស័យដែលរីកចម្រើនលឿនបំផុតរបស់ប្រទេសនេះក្នុងរយៈពេលនោះ ទោះបីជាមានការកើនឡើងការងាកទៅរកឌីជីថលនីយកម្មដោយឧស្សាហកម្មផ្សេងទៀតក្ដី។ របាយការណ៍ដដែលនេះបានប៉ាន់ប្រមាណថា ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីមានចំនួន ១០៦ពាន់លានដុល្លារសិង្ហបុរី (៧៧,៥ពាន់លានដុល្លារ) គិតត្រឹមឆ្នាំ២០២២។

តម្រូវការអ្នកជំនាញផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសសិង្ហបុរីបានផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកក្នុងស្រុកដែលកាន់កាប់តួនាទីខាងផ្នែកបច្ចេកវិទ្យាច្រើនជាង ៧០% ហើយនៅតែមានភាពរឹងមាំសូម្បីតែបន្ទាប់ពីទទួលរងការជម្រុះបុគ្គលិកជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនសកលជាច្រើនកាលពីឆ្នាំមុនក្ដី។ ប្រាក់ខែនៅក្នុងវិស័យនេះដែលផ្តល់ការងារ ២សែនកន្លែង មានកម្រិតខ្ពស់ជាងប្រាក់ឈ្នួលជាមធ្យមរបស់ប្រទេសសិង្ហបុរីយ៉ាងខ្លាំង ហើយគម្លាតនេះបានកើនឡើងចាប់តាំងពីឆ្នាំ២០១៧មក។

ក្រុមហ៊ុនធំៗរបស់អាមេរិកដូចជាក្រុមហ៊ុន Meta Platforms Inc. និងក្រុមហ៊ុន Google បានបង្កើតទីស្នាក់ការកណ្តាលប្រចាំតំបន់របស់ពួកគេនៅប្រទេសសិង្ហបុរី ដោយជួយជំរុញកំណើនប្រាក់ខែដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុកនានាដូចជា Grab Holdings Ltd ជាដើម។ ក្រុមហ៊ុន Meta និង Google ក៏កំពុងសហការគ្នាលើគម្រោងខ្សែកាបក្រោមសមុទ្រដ៏សំខាន់ផងដែរ ដែលនឹងភ្ជាប់ប្រទេសសិង្ហបុរីទៅនឹងឆ្នេរសមុទ្រភាគខាងលិចរបស់សហរដ្ឋអាមេរិក។

អាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) មានភារកិច្ចរៀបចំផែនការសម្រាប់អនាគតឌីជីថលរបស់ប្រទេសនេះ និងពង្រឹងតួនាទីរបស់សិង្ហបុរីឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា។ IMDA ក៏ជានិយតករ និងជាអ្នកគាំទ្រដល់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕