(ញូវយ៉ក)៖ លោក Ed Morse អ្នកវិភាគមកពីក្រុមហ៊ុន Citigroup Inc. បាននិយាយថា ផលប៉ះពាល់នៃជម្លោះនៅប្រទេសអ៊ីស្រាអែលលើទីផ្សារប្រេងនឹងមានរយៈពេលវែង ដោយលើកឡើងពីហានិភ័យដែលអារ៉ាប៊ីសាអូឌីតប្រហែលជាមិនបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មរបស់ខ្លួនដូចដែលមានការរំពឹងទុកមួយចំនួនទេ។

លោក Morse ប្រធានផ្នែកស្រាវជ្រាវទំនិញសកលនៃក្រុមហ៊ុន Citi ត្រូវបានដកស្រង់សម្ដីខណៈថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg TV ថា ឱកាស «កាន់តែតឹងរ៉ឹងជាងមុន» អាចកើតមានផងដែរចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់បានអបអរសាទរក្រុមហាម៉ាស់សម្រាប់ប្រតិបត្តិការរបស់ខ្លួន ខណៈបដិសេធការជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។

តម្លៃប្រេងបានកើនឡើងជិត ៤% កាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាសបាននាំមកនូវអស្ថិរភាពជាថ្មីដល់មជ្ឈិមបូព៌ា ដោយប្រេងប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ៨៧,៦៥ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងប្រភេទ West Texas Intermediate ជួញដូរក្នុងតម្លៃ ៨៦,១៥ដុល្លារក្នុងមួយបារ៉ែល។

ការកាត់បន្ថយផលិតកម្មប្រេងដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តរបស់ខ្លួនបានរឹតបន្តឹងការផ្គត់ផ្គង់ បើទោះបីជាវិនិយោគិននៅតែបារម្ភអំពីតម្រូវការ និងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកក៏ដោយ។

លោក Morse រំពឹងថា ពេលនេះសហរដ្ឋអាមេរិកនឹងជំរុញក្រុមហ៊ុននានាឱ្យបង្កើនទិន្នផលប្រេងនៅប្រទេសវ៉េណេស៊ុយអេឡាចំនួន «ពីររយពាន់បារ៉ែលក្នុងមួយថ្ងៃ» ដោយផ្តោតឡើងវិញលើការផលិតពីប្រទេសអ៊ីរ៉ាក់ លីប៊ី នីហ្សេរីយ៉ា និងវ៉េណេស៊ុយអេឡា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕