(ហ្សាការតា)៖ មន្ត្រីឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃចន្ទ ឥណ្ឌូណេស៊ីរំពឹងថានឹងចុះហត្ថលេខាលើប្រាក់កម្ចីដែលពន្យាពេលជាយូរមកហើយចំនួន ៥៦០លានដុល្លារអាមេរិកជាមួយប្រទេសចិនក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំងសប្តាហ៍ក្រោយនេះ ដែលទឹកប្រាក់នេះនឹងគ្របដណ្តប់លើការចំណាយដែលកើនឡើងសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនទីមួយរបស់ប្រទេសនេះ។

លោកប្រធានាធិបតី Joko Widodo កាលពីដើមខែនេះបានចាប់ផ្តើមដំណើរការផ្លូវដែកតម្លៃ ៧,៣ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបានដុង (Bandung)។ គម្រោងផ្លូវដែកដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនភាពជាដៃគូមួយដែលបង្កើតឡើងក្រោយក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុនរដ្ឋរបស់ចិន ប្រើប្រាស់ថវិកាលើសផែនការចំនួន ១,២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី។

លោក Kartika Wirjoatmodjo អនុរដ្ឋមន្ត្រីក្រសួងសហគ្រាសរដ្ឋឥណ្ឌូណេស៊ីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅពេលសួរអំពីស្ថានភាពប្រាក់កម្ចីនេះថា៖ «សប្តាហ៍ក្រោយកម្ចីនេះគួរតែចប់រួចរាល់»

លោកបានថ្លែងថា ការចុះហត្ថលេខានេះអាចធ្វើឡើងក្នុងអំឡុងវេទិកា BRF នៅពេលដែលលោក ប្រធានាធីបតី Widodo និងប្រធានាធិបតីចិន Xi Jinping ត្រូវបានរំពឹងថានឹងសម្ពោធដាក់ឱ្យដំណើរការប្រតិបត្តិការជាលក្ខណៈពាណិជ្ជកម្មរបស់រថភ្លើងល្បឿនលឿននេះតាមអនឡាញ។

ប្រាក់កម្ចីថ្មីនេះគឺបន្ថែមលើប្រាក់កម្ចីដែលផ្តល់ជូននៅឆ្នាំ២០១៧ ចំនួន ៤,៥៥ពាន់លានដុល្លារដែលធនាគារអភិវឌ្ឍន៍ចិនបានអនុម័តសម្រាប់ក្រុមហ៊ុនភាពជាដៃគូនេះ។ ប្រាក់កម្ចីនោះមានអាយុកាល ៤០ឆ្នាំ ដោយមានរយៈពេលអនុគ្រោះ ១០ឆ្នាំ និងអត្រាការប្រាក់ ២ភាគរយក្នុងមួយឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕