(ហាណូយ)៖ លោក Nguyen Phu Trong ប្រធានបក្សកុម្មុយនិស្តវៀតណាមបានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមអាចកើនឡើងខ្ពស់ជាង ៥% នៅឆ្នាំនេះ ដោយសារប្រទេសដែលពឹងផ្អែកលើការនាំចេញមួយនេះ បន្តប្រឈមនឹងបញ្ហាសកលនានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Trong បានឱ្យដឹងនៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅឯកិច្ចប្រជុំសន្និសីទបក្ស នៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យថា៖ «មានការព្យាករថា នៅចុងឆ្នាំនេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើងដល់ប្រហែល ៥%។ ទោះបីជាទាបជាងគោលដៅ ៦,៥% ក៏ដោយ ក៏វានៅតែខ្ពស់គួរសមបើធៀបនឹងប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងពិភពលោក»

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់វៀតណាម ពី ៦,៥% មកនៅត្រឹម ៥,៨% ដោយសារ «ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកអាចដាក់បន្ទុកដល់ការនាំចេញរបស់វៀតណាម និងប៉ះពាល់ដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ច»

លោក Trong បានមានប្រសាសន៍ថា «ស្ថានភាពពិភពលោកនិងក្នុងស្រុកមានការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលស្មុគស្មាញជាងការព្យាករទៅទៀត»

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ របស់វៀតណាមកាលពីថ្ងៃទី២៩ ខែកញ្ញាបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងពីរត្រីមាសជាប់គ្នា ដោយសម្រេចបានកំណើន ៥,៣៣% នៅត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕