(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជិត១៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ JUHAI BAOSHUN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។

២៖ HOME TERRACE CO., LTD. គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ...) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។

៣៖ TECHNO PARK POI PET PVT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕