(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា «មានតែតាមរយៈការលក់ភាគហ៊ុននៅក្នុងផ្សារហ៊ុនទេ ដែលម្ចាស់អាជីវកម្មមានឱកាសក្លាយជាសេដ្ឋីបានលឿន។ មានតែតាមរយៈការលក់ភាគហ៊ុនផ្សារហ៊ុនទេ ដែលម្ចាស់អាជីវកម្មអាចធ្វើឱ្យក្រុមហ៊ុនមានស្តង់ដារខ្ពស់ ទទួលបានទំនុកចិត្តខ្ពស់ពីសាធារណជន។ មានតែតាមរយៈការល់ភាគហ៊ុនទេ ដែលម្ចាស់អាជីវកម្មអាចធ្វើឱ្យក្រុមហ៊ុនមាននិរន្តភាពយូរអង្វែង និងងាយស្រួលក្នុងការផ្ទេរមរតកទៅកូន ទៅចៅ ដោយស្ងប់ចិត្ត»។

ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីសម្ពោធ និងដាក់ឱ្យដំណើរការកម្មវិធី SMEs and Startups Go Public របស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធី នៅអគារផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

លោកអគ្គនាយកបានលើកឡើង អំពីក្រុមហ៊ុនទាំង ២០ ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន ដោយបានកៀរគរទុនពីសាធារណជនចំនួនប្រមាណ ៣៣០លានដុល្លារអាមេរិក និងបានអំពាវនាវឱ្យសាធារណជន សិក្សាស្វែងយល់អំពីវិស័យមូលបត្រ ដើម្បីបង្កើតប្រាក់ចំណេញទាំងសម្រាប់ខ្លួនឯង និងប្រទេសជាតិ តាមរយៈការទិញភាគហ៊ុនរយៈពេលវែង ឬការយកក្រុមហ៊ុនមកចុះបញ្ជីនៅក្នុងផ្សារហ៊ុន៕