(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រោមកិច្ចយកចិត្តទុកដាក់នៃរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដែលជាថ្នាក់ដឹកនាំលើផ្នែកអភិបាលកិច្ចបច្ចេកទេស របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រោមកិច្ចជួយជ្រោមជ្រែង ពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន៨ ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះ ចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ការចូលរួមព្រឹត្តិការណ៍ Anuga Food Trade Fair 2023 នេះ គឺជាការចូលរួមលើកដំបូង របស់ប្រទេសកម្ពុជា និងមានការចូលរួមដាក់តាំងបង្ហាញ នូវផលិតផលរបស់វិស័យឯកជនរួមគ្នា ជាក្រុមនៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា ដែលព្រឹត្តិការណ៍ Anuga Food Trade Fair មានប្រវត្តិនៃការរៀបចំព្រឹត្តិការណ៍នេះចំនួន ១១៣ឆ្នាំ ដែលបានចាប់បង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្តុំដ៏សំខាន់សម្រាប់ពិភពលោករបស់អ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្ត លើការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

ព្រឹត្តិការណ៍ Anuga Food Fair 2023 គឺជាព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារដ៏ធំបំផុត របស់ពិភពលោក ដែលប្រព្រឹត្តិឡើងជារៀងរាល់ ២ឆ្នាំម្តងលើផ្ទៃដីចំនួន ២៨៤ ០០០ម៉ែត្រការ៉េ នៅក្នុងសហសាលចំនួន១១ និងមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ៧៩០០ក្រុមហ៊ុន មកពីជិត ២០០ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅទីតាំងស្តង់លេខ B040G អាគារទី (HALL) 07.1 ស្ថិតនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse, Fair Grounds, Cologne ទីក្រុងកូឡូញប្រទេសអាឡឺម៉ង់៕