(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៦ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំលើកទី៦ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានសមាសភាពចូលរួមពីតំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), តំណាង Swisscontact Cambodia, តំណាងសន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD), តំណាងក្រុមហ៊ុន Maersk, អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករ ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងលើកទិសដៅដើម្បីបន្តអនុវត្តគម្រោង (១). ធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), (២). ធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្ម តាមផ្លូវអាកាស និងផ្លូវគោក (DGT), (៣). តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា និង(៤).ការដាក់អនុវត្តកម្មវិធីប្រតិបត្តិករ បានទទួលការអនុញ្ញាត (AEO Implementation)។

នាឱកាសនោះ បណ្ឌិត គុណ ញឹម បានលើកឡើងពីសារសំខាន់ នៃគម្រោងខាងលើ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាពិសេសនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing)។

បន្ថែមលើនេះ បណ្ឌិតក៏បានរំលេចអំពីតួនាទីរបស់ធុរជន និងប្រតិបត្តិករពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ក្នុងការចូលរួមអនុវត្តគម្រោងខាងលើ ដែលលោកបណ្ឌិតចាត់ទុកថា ជាតួអង្គមិនអាចខ្វះបាន។

បន្ទាប់មក តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការបានធ្វើបទបង្ហាញ ជូនអង្គប្រជុំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តនាពេលខាងមុខ តាមគម្រោងនីមួយៗ។ តាមរយៈបទបង្ហាញ និងការពិភាក្សាអំពីគម្រោងទាំងអស់ខាងលើ អង្គប្រជុំបានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម និងការងារសេសសល់មួយចំនួន ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយ និងអនុវត្តឱ្យបានទាន់ពេលវេលាកំណត់។

ក្រោយពីស្តាប់បទបង្ហាញរបស់តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ និងបានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ ជាពិសេស GIZ និង Swisscontact Cambodia ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់ និងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងទាំងនេះអាចអនុវត្តបានពេញលេញ។

ទន្ទឹមនេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា ការអនុវត្តសាកល្បងគម្រោង DGMT និងគម្រោងតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ធុរជន ប្រតិបត្តិករពាក់ព័ន្ធ និងសាធារណជន ក្នុងកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះ បណ្ឌិត គុណ ញឹម ក៏បានធ្វើផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមការងារដូចខាងក្រោម៖

* រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីគម្រោង DGMT ដោយអញ្ជើញភាគីពាក់ព័ន្ធដូចជា សភាពាណិជ្ជកម្មកម្ពុជា(CCC), សមាគមភស្តុភារកម្មកម្ពុជា (CLA), សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA), សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (TAFTAC) ជាដើម
* រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់មុខងារប្រព័ន្ធនៃគម្រោងខាងលើ ជូនផ្នែកឯកជន និងមន្ត្រីគយនិងរដ្ឋាករ
* អញ្ជើញប្រតិបត្តិករបញ្ញើរហ័សពាក់ព័ន្ធ ដើម្បីចូលរួមផ្តល់ធាតុចូលក្នុងគម្រោង DGT ឱ្យបានច្រើន
* បន្តអនុវត្តការងារតាមផែនការ និងដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យបានចប់តាមការគ្រោងទុក៕