(ភ្នំពេញ)៖ លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំ​កម្ពុជា បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការជើងហោះហើរត្រង់ទៅមករវាងឥណ្ឌា-កម្ពុជា ​នាពេលឆាប់ៗខាងមុខហើយ ដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំ​កម្ពុជា ថ្លែងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ​ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។​

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ គាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដែលនឹងជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជនជន និងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាមួយយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ​បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល​ឥណ្ឌា ដែលបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងជួយគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប្រជាជនកម្ពុជា​៕