(ភ្នំពេញ)៖ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៤៥ម៉ឺនតោន មានទឹកប្រាក់ចំនួន ៣២៧ លានដុល្លារ។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៦ ៥៨១ តោននាំចេញដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ ដែលគិតជាទឹកប្រាក់បានចំនួន ៣២៧.៤៥ លានដុល្លារ»

តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងនោះបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ដូចជា៖

* នាំចេញទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៥៥ ៣៦៦ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៥លានដុល្លារ។
* នាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេសបានចំនួន ១៩០ ៧៨៨តោន គិតជាទឹកប្រាក់ចំនួន១៣៨.៩៨លានដុល្លារ។
* នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ប្រទេស បានបរិមាណចំនួន ៤៥ ៣០៦តោន គិតជាទឹកប្រាក់ចំនួន៣១.៣២លានដុល្លារ។
* នាំចេញទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាចំនួន ២៤ប្រទេស បានចំនួន ៦៦៣៣១តោន គិតជាទឹកប្រាក់បានចំនួន ៥៧.៤៩ លានដុល្លារ។

ការនាំចេញនេះ មានប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.៤៣%, អង្ករសចំនួនជិត ១២.២៦%, អង្ករចំហ៊ុយ ៣.៣៣%, អង្ករសរីរាង្គចំនួន ១.៧៧% និងអង្ករសគ្រាប់ខ្លីចំនួន០.០២%។

ជាមួយគ្នានេះ នៅរយៈពេល៩ខែឆ្នាំ២០២៣នេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៧៧ ៤១៥តោន គិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៣៩លានដុល្លារ ដែលក្នុងនោះជាង៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕