(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ ប្រទេសចិន បានឈរនៅលេខរៀងទី១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ច្រើនជាងគេ មានទឹកប្រាក់ប្រមាណ ២ ៨៦០លានដុល្លារ ​ស្មើជាង៧៦.២៤% នៃការវិនិយោគសរុប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា «ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកជាង៧៦% នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរ នៅលំដាប់លេខរៀងទី២»

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជា យល់ឃើញថា នេះជារឿងល្អដែលចិនមកវិនិយោគនៅកម្ពុជា ដោយអនុវត្ដនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងអាសិប។

អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា តាមរយៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នឹងធ្វើឲ្យចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ដើម្បីនាំចេញទៅកាន់អាមេរិក តាមរយៈភាពអនុគ្រោះពន្ធ ដែលកម្ពុជាមានស្រាប់។

អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា អ្វីដែលជាមោទនភាព គឺកម្ពុជាអនុវត្ដគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ ដែលទាក់ទាញអ្នកវិនិយោគចិន កាន់តែច្រើនមកវិនិយោគនៅកម្ពុជា ជាពិសេសសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរចិន មកកម្ពុជាកាន់តែច្រើនផងដែរ។

គូសបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទុនវិនិយោគ សរុបប្រមាណ ៣,៧០០លានដុល្លារ មានការកើនឡើងចំនួន៤១គម្រោង ខណៈទុនវិនិយោគមានការកើនឡើង ប្រមាណ ៣០៦លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ គម្រោងវិនិយោគធំមួយ ដែលបានអនុម័តនៅឆ្នាំ២០២៣នេះ គឺគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានទុនវិនិយោគ ប្រមាណ ១.៤ពាន់លានដុល្លារ៕