(វៀតណាម)៖ រដ្ឋាភិបាលបានឱ្យដឹងថា ប៉ូលីសវៀតណាមកំពុងស្វែងរកជំនួយពីវិនិយោគិន ក្នុងការស៊ើបអង្កេតដែលកំពុងធ្វើឡើងមួយ ទៅលើក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Holdings Group ដែលត្រូវបានចោទប្រកាន់ថាបានបោកប្រាស់ និងដកហូតយកប្រាក់ជាង ៣០លានលានដុង (១.២ពាន់លានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាមថា បើយោងតាមការស៊ើបអង្កេត វិនិយោគិនប្រហែល ៤២ ០០០នាក់បានបាត់បង់ប្រាក់។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឃាត់ខ្លួនប្រធានក្រុមហ៊ុន Van Thinh Phat គឺលោកស្រី Truong My Lan កាលពីឆ្នាំមុនពីបទទទួលទ្រព្យសម្បត្តិ តាមមធ្យោបាយក្លែងបន្លំ។ ការចាប់ខ្លួនលោកស្រី Lan និងមន្ត្រីក្រុមហ៊ុនផ្សេងទៀត ដែលត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយធនាគារ Saigon Commercial Bank (SCB) បាននាំឱ្យមានការប្រាក់ចេញពីធនាគារនេះ។

ការស៊ើបអង្កេតនេះ កើតឡើងនៅពេលដែលនិយ័តករនានារបស់ប្រទេសវៀតណាម ក៏កំពុងជួបវិបត្តិបំណុលអចលនទ្រព្យផងដែរ ដែលកំពុងដាក់បន្ទុកលើសេដ្ឋកិច្ច។

ប៉ូលីសវៀតណាមបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើទំនាក់ទំនងរបស់ លោកស្រី Lan ទៅនឹងការបោះផ្សាយ និងការជួញដូរមូលបត្របំណុល របស់ក្រុមហ៊ុនមួយចំនួន ជាទីដែលទឹកប្រាក់រាប់លានដុង ត្រូវបានគេចោទប្រកាន់ថា ត្រូវបានដកហូតដោយខុសច្បាប់ នៅចន្លោះឆ្នាំ២០១៨ និង២០១៩។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រសួងសន្តិសុខសាធារណៈវៀតណាម កំពុងស្វែងរកជំនួយពីវិនិយោគិននានា ដែលរងផលប៉ះពាល់ដើម្បីជួយដល់ការស៊ើបអង្កេតរបស់ខ្លួន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានដកស្រង់សម្ដីរបស់ឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុប្រធាននាយកដ្ឋានស៊ើបអង្កេតអំពើពុករលួយ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចវៀតនាម៕