(ត្បូងឃ្មុំ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសាខាទី៤ របស់ខ្លួន នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលជាខេត្តពោរពេញទៅដោយសក្តានុពលខាងផ្នែកសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម ជាប់ទៅនឹងដងទន្លេមេគង្គ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក សុន សេងហួត រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, សមាជិក-សមាជិកា ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ភ្ញៀវកិត្តិយសជាម្ចាស់​សហគ្រាសធុនតូច និងមធ្យម ម្ចាស់សិប្បកម្ម ម្ចាស់រោងចក្រ និងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ការបើកសម្ពោធនេះ សក្ខីភាពមួយដែលបានឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈដ៏មោះមុតរបស់ធនាគារ SME ក្នុងការបំពេញបេសកកម្ម ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោក សុន សេងហួត បានកោតសរសើរ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរួមចំណែកយ៉ាងសំខាន់ របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន ដល់សហគ្រាសក្នុងវិស័យអាទិភាព ប្រកបដោយភាពជោគជ័យ និងសមិទ្ធផលថ្មីៗ នារយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ ដែលបន្តពង្រីកសាខារបស់ខ្លួន នៅតាមបណ្តាខេត្តគោលដៅ ក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្មលើការផ្តល់ឥណទាន សំដៅជួយឲ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការទទួលសេវាកម្មនានារបស់ធនាគារ ហើយសាខាត្បូងឃ្មុំនេះ ជាសាខាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ខាងវិស័យកសិ-ឧស្សាហកម្ម ជាដើម។

លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ SME ក៏បានមានប្រសាសន៍ផងដែរថា ការបង្កើតសាខាបន្ថែម គឺជាផែនការយុទ្ធសាស្ត្ររបស់ធនាគារ SME ក្នុងការពង្រីកបណ្តាញចែកចាយ ដែលជាចំណុចមួយដ៏សំខាន់ ក្នុងការតភ្ជាប់រវាងធនាគារ និងអតិថិជន។ ថ្មីៗនេះ ធនាគារក៏ទើបតែបានសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការសាខាខេត្តបាត់ដំបង ហើយការយកទីតាំងខេត្តត្បូងឃ្មុំ ជាសាខាធនាគារបន្ទាប់ ក៏ដោយសារខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាម, ខេត្តក្រចេះ, ខេត្តព្រៃវែង និងព្រំដែនអន្តរជាតិ រួមជាមួយប្រទេសវៀតណាម ជាពិសេសខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខាងវិស័យកសិ-ឧស្សាហកម្ម និងផលិតកម្មផ្សេងៗ ហើយជាចំណែកមួយ ដែលជួយសម្រួលដល់អតិថិជនគោលដៅ ក្នុងការទទួលបានសេវាកម្មធនាគារកាន់តែទូលំទូលាយ និងងាយស្រួល។
បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ និងបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន លើការដាក់ឲ្យដំណើរការធនាគារ SME សាខាខេត្តត្បូងឃ្មុំនេះ ជាមួយការផ្តល់នូវសេវាកម្មហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យជូនដល់អតិថិជន ជាពិសេសបងប្អូនដែលប្រកបអាជីវកម្ម នៅក្នុងសហគមន៍ ម្ចាស់រោងចក្រកៅស៊ូ ម្ចាស់សិប្បកម្មកែច្នៃកសិផល ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ដែលប្រកបរបរក្នុងវិស័យកសិ-ឧស្សាហកម្ម អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកប្រភពទុន សម្រាប់ពង្រីកមុខរបរ៕