(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) រយៈពេល៣ឆ្នាំបន្តទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងការធ្វើការរួមគ្នាលើកកម្ពស់ ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ជំរុញការទទួលបានហិរញ្ញប្បទានអាជីវកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតបណ្ដាញទំនាក់ទំនង ប្រកបដោយភាពស្និទ្ធស្នាល ជាពិសេសការស្វែងយល់ពីតម្រូវការចាំបាច់ របស់ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងតម្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។

ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា «ការគាំទ្រ SMEs ជាពិសេសសមាជិកសមាគមឱ្យទទួលបានហិរញ្ញប្បទាន ជាទិសដៅយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមទិសដៅយុទ្ធសាស្រ្តទាំង៦របស់សមាគម។ សមាគមបានបង្កើត និងដាក់ឱ្យដំណើរការកម្មវិធីទទួលបាននូវហិរញ្ញប្បទាន Access to Finance Program ជាង៣ឆ្នាំមកហើយ»។

លោកឧកញ៉ាបានបញ្ជាក់ថា «មាន SMEs ជាច្រើនប្រមាណជាជាង២០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធី តាមរយៈវេទិកាការផ្គូផ្គងជាមួយធានាគារ និងវគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយ សមាគម និងមាន SMEs ជាច្រើនបានទទួលហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជាជាង៥លានដុល្លារសហរដ្ឋអាមេរិក។ ដោយមើលឃើញពីភាពជោគជ័យនៃ ការសហការជាដៃគូយុទ្ធសាស្រ្តរវាងសមាគមទាំង៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំបន្តទៀត ដើម្បីលើកកម្ពស់ការទទួលបាននូវហិរញ្ញប្បទាន និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ជាពិសេសការលើកកម្ពស់ប្រាក់រៀល ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»

អនុស្សរណៈនៃកិច្ចព្រមព្រៀង រវាងសមាគមឈានមុខគេនៅកម្ពុជា ទាំងបីស្ថាប័នខាងលើនេះ មានគោលដៅចម្បងៗចំនួនបី ក្នុងនោះរួមមាន៖

១៖ ពង្រីកវិសាលភាពនៃការផ្ដល់ហិរញ្ញប្បទាន ប្រកបដោយបរិយាប័ន្នទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ធុរកិច្ចជនគ្រប់វិស័យ ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា តាមរយៈការទទួលបាននូវសេវាឥណទានអាជីវកម្ម ដែលមានលក្ខខណ្ឌអំណោយផល។

២៖ ការរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃប្រាក់រៀល និងជំរុញលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ងាកទៅប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។

៣៖ សមាគមដ៏លេចធ្លោទាំងបីនៅកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈម របស់វិស័យធុរកិច្ចនៅកម្ពុជា ដែលម្ចាស់អាជីវកម្មភាគច្រើនកំពុងជួបប្រទះ តាមរយៈការសហការរៀបចំផ្ដល់ ជាវគ្គបណ្ដុះបណ្ដាលចាំបាច់សំខាន់ៗ សម្រាប់កសាងសមត្ថភាព សិក្ខាសាលា កម្មវិធីជំនួបម្ចាស់អាជីវកម្ម ដើម្បីកសាងបណ្ដាញនិងបង្កើតឱកាសសហការវិនិយោគ ព្រមទាំងកម្មវិធីចែករំលែកផ្លាស់ប្ដូរមតិ និងពិគ្រោះយោបល់ជាច្រើនទម្រង់ទៀត ពីសំណាក់អ្នកជំនាញ ក្នុងវិស័យជាក់លាក់ក៏ដូចជាវាគ្មិនដែលមានចំណេះដឹង និងបទពិសោធច្បាស់លាស់ក្នុងវិស័យណាមួយ។

លោក ហាង ផេង ក្វាង ហេរញ្ញិកនៃសមាគមធនាគានៅកម្ពុជា បានថ្លែងថា «ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ជារបៀបវារៈអាទិភាពមួយរបស់សមាគមធនាគារនៅកម្ពុជា ហើយក៏មានចែងនៅក្នុងយុទ្ធសាស្រ្តជាតិស្ដីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ផងដែរ។ ពិធីចុះហត្ថលេខា និងជំនួបសហគ្រាសធុនមីក្រូ តូច និងមធ្យម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកទី៣នេះ នឹងចូលរួមត្រួសត្រាយផ្លូវ សម្រាប់សមាគមទាំងបី ដើម្បីធ្វើការរួមគ្នាបន្តលើបញ្ហាសមភាពយេនឌ័រ គំនិតផ្តួចផ្តើមអាជីវកម្មប្រកបដោយ ការទទួលខុសត្រូវផ្នែកសង្គម ការផ្សព្វផ្សាយ និងការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងព្រឹត្តិការណ៍ និងកិច្ចសហការផ្តោតលើសហគ្រិនភាព»

លោកបានបន្ដថា មានបញ្ហាជាច្រើនដែលបានជួបប្រទះ និងប្រឈមអស់រយៈពេលជាង៣ឆ្នាំមកនេះមានដូចជា ការរីករាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការដំឡើងអត្រាការប្រាក់គោល របស់សហរដ្ឋអាមេរិក និងអតិផរណាជាដើម។ យ៉ាងណាក៏ដោយវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែផ្តល់នូវទំនុកចិត្តលើភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារនៅកម្ពុជា ក្រោមការការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន របស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកនៅតែបន្តគាំទ្រ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការចូលរួម ក្នុងគម្រោងសហហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលផងដែរ»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «យ៉ាងណាមិញ MSMEs ក៏កំពុងប្រឈមនឹងឧបសគ្គមួយចំនួន ក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន ក្នុងនោះរួមមានកង្វះលទ្ធភាពទទួលបានកម្ចីហិរញ្ញវត្ថុ ជាបញ្ហាចម្បងមួយដែលពួកគាត់កំពុងជួបប្រទះ។ កន្លងមកសមាគមទាំងបីតែងតែយកចិត្តទុកដាក់ និងប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ ហើយកម្មវិធីនៅថ្ងៃនេះ ជាកម្មវិធីលើកទីបីហើយដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំឡើង ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់កម្ចី ជាមួយនឹង MSMEs និង សហគ្រិនស្រ្តីដែលមានតម្រូវការដើមទុន ដើម្បីពង្រីកអាជីវកម្ម ហើយព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិកា សម្រាប់ម្ចាស់សហគ្រាសទាំងឡាយ ទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការទទួលបាន សេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងការជជែកពិភាក្សាគ្នាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់សម្រាប់ MSMEs និងសហគ្រិនស្រ្តី ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ»

គួរកត់សម្គាល់ថា ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង រវាងសមាគមទាំងបីខាងលើនេះ បានរួមចំណែកយ៉ាងខ្លាំង ដល់ការជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រាសធុនតូច និងមធ្យមបានរួមចំណែករហូតដល់ទៅជាង ៩៨ ភាគរយនៃអាជីវកម្មសរុបទាំងអស់នៅកម្ពុជា ស្មើនឹង ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ តួលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕