(ហាណូយ)៖ សេដ្ឋកិច្ចវៀតណាមបានកើនឡើងរយៈពេលពីរត្រីមាសជាប់គ្នាដោយសារការស្ទុះងើបឡើងវិញនៃវិស័យផលិតកម្មនិងការនាំចេញដែលជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចដ៏សំខាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានកើនឡើង ៥,៣៣% នៅត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈដែលការព្យាករមានប្រមាណជាមធ្យម ៥% នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg។ នៅត្រីមាសទី២ សេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ៤,០៥ភាគរយ។

ទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមកាលពីថ្ងៃសុក្របានបង្ហាញថា ការនាំចេញបានវិលត្រលប់មករកកំណើនវិញក្នុងខែកញ្ញាបន្ទាប់ពីបានធ្លាក់ចុះរយៈពេល ៦ខែ។

លោកស្រី Nguyen Thi Huong នាយក GSO បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចបន្តនិន្នាការប្រសើរឡើងជាមួយនឹងការកើនឡើងដែលមើលឃើញកាន់តែច្បាស់នៅក្នុងវិស័យជាច្រើន»។ ដោយសំដៅលើវិធានការរបស់រដ្ឋាភិបាលវៀតណាមដែលដាក់ចេញដើម្បីគាំទ្រដល់សហគ្រាសអាជីវកម្ម លោកស្រីបានបន្ថែមថា ប៉ុន្តែនៅតែមាន «តម្រូវការជំរុញបន្ថែមទៀត» ជាពិសេសវិធានការជំរុញតម្រូវការក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រាក់ដុងបានកើនឡើង ០,២% ដល់ ២៤ ៣៤៥ដុងក្នុងមួយដុល្លារគិតត្រឹមម៉ោង ១០ព្រឹកថ្ងៃសុក្រម៉ោងក្នុងស្រុក។ រូបិយប័ណ្ណដុងបានបាត់បង់តម្លៃប្រហែល ៣% ក្នុងត្រីមាសទី៣៕