(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្នើឱ្យធុរជនពីបណ្តាប្រទេសអាស៊ាន អឺរុប និងតំបន់មេគង្គ មកស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា ដោយបង្កើតរោងចក្រ និងនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ក្រោមយន្តការកិច្ចព្រមព្រៀងសេរីនានា ដែលកម្ពុជាមាន។

ការស្នើរបស់អ្នកឧកញ៉ាយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញចូល និងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា និងពិធីប្រកាសជាផ្លូវសៀវភៅ ស ឆ្នាំ២០២៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតអាឡឺម៉ងប្រចាំនៅកម្ពុជា អ្នកតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកជំនាញ និងធុរជនមកពីបណ្តាប្រទេសអាស៊ាន អឺរ៉ុប និងតំបន់មេគង្គ។
ថ្លែងក្នុងឱកាសនៃពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកជំនាញ និងធុរជនមកពីបណ្តាប្រទេសអាស៊ាន អឺរ៉ុប និងតំបន់មេគង្គ និងបានគូសបញ្ជាក់ថា តំបន់មេគង្គ គឺជាតំបន់ដ៏មានសក្តានុពល និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយប្រទេសនីមួយៗក្នុងតំបន់នេះ មានវប្បធម៌ស្រដៀងគ្នា មានមិត្តភាពរឹងមាំ និងមានសក្តានុពលសហប្រតិបត្តិការខ្ពស់ ដោយមានធនធាន និងរចនាសម្ព័ន្ធឧស្សាហកម្មបំពេញឲ្យគ្នាទៅវិញទៅមក។

អ្នកឧកញ៉ាក៏បានចូលរួមអបអរសាទរ ចំពោះការប្រកាសជាផ្លូវការសៀវភៅ ស ឆ្នាំ២០២៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងការបោះផ្សាយលទ្ធផលសម្រង់មតិទំនុកចិត្តធុរកិច្ចឆ្នាំ២០២៣ ដែលបានរំលេចនូវសំលេងរបស់សហគមន៍ធុរកិច្ចអឺរ៉ុប នៅកម្ពុជា។

ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា រីករាយនឹងសហការ ជាមួយគ្រប់សហគមន៍ធុរកិច្ចទាំងអស់ ដើម្បីបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ។

អ្នកឧកញ៉ា បានជម្រាបជូនធុរជនពីបណ្តាប្រទេសអាស៊ាន អឺរុប និង តំបន់ មេគង្គ អំពីគោលនយោបាយគាំទ្រធុរកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែដោះស្រាយរាល់បញ្ហាប្រឈម របស់វិស័យឯកជន និងបញ្ជាក់ថា កម្ពុជាមានវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាប់ចំណាត់លេខ១ នៅទូទាំងពិភពលោក ជាវេទិកាដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យឯកជន។

ឆ្នាំ២០២៣នេះ នៅខែវិច្ឆិកាខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯក។

បន្ថែមពីលើនេះទៀត អ្នកឧកញ៉ា បានលើកទឹកចិត្ត និងអញ្ជើញធុរជនទាំងអស់ មកស្វែងរកកាលានុវត្តភាព
ធុរកិច្ចនៅកម្ពុជា បង្កើតរោងចក្រ និងនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោកក្រោមយន្តការកិច្ចព្រមព្រៀងសេរីនានា រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ជាដើម ដែលមានទីផ្សារទំលំទូលាយ គឺ អាស៊ានទាំងដប់ប្រទេស ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង ណូវែលហ្សេឡង់៕