(វ៉ាស៊ីនតោន)៖ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបោះឆ្នោតរក្សាអត្រាការប្រាក់នៅដដែល ខណៈពេលដែលមានការព្យាករថា អត្រាការប្រាក់កម្ចីនឹងត្រូវបន្តស្ថិតនៅក្នុងកម្រិតកាន់តែខ្ពស់ក្នុងរយៈពេលយូរជាងនេះ ដើម្បីបានទម្លាក់អត្រាអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តផ្អាកដំឡើងអត្រាការប្រាក់នេះថា៖ «យើងត្រូវរៀបចំខ្លួនដើម្បីដំឡើងអត្រាការប្រាក់បន្ថែមទៀតប្រសិនបើសមស្រប ហើយយើងមានបំណងផ្អាកអត្រា គោលនយោបាយនៅកម្រិតមួយ រហូតដល់យើងមានទំនុកចិត្តថា អតិផរណាកំពុងផ្លាស់ប្តូរប្រកបដោយនិរន្តរភាពឆ្ពោះទៅរកគោលដៅរបស់យើង»។

បន្ទាប់ពីដំឡើងអត្រាការប្រាក់ ១១លើកគិតចាប់តាំងពីខែមីនាឆ្នាំមុនមក អតិផរណាបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅតែខ្ពស់ជាងគោលដៅរយៈពេលវែងរបស់ធនាគារកណ្តាល Fed ដែលមាន ២ ភាគរយក្នុងមួយឆ្នាំ ដោយរក្សាសម្ពាធលើមន្ត្រីឱ្យពិចារណាចាត់វិធានការ គោលនយោបាយបន្ថែមទៀត។

ការសម្រេចចិត្តរបស់ធនាគារកណ្តាល Fed ក្នុងការរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួននៅចន្លោះពី ៥,២៥% ទៅ ៥.៥% ភាគរយនេះ ផ្តល់ឱ្យអ្នកបង្កើតគោលនយោបាយនូវពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃសុខភាពសេដ្ឋកិច្ចអាមេរិកក្នុងគ្រាដែលមានសញ្ញាបង្ហាញពីកំណើនសេដ្ឋកិច្ចរឹងមាំនិងទីផ្សារការងារខ្លាំង។

ការសម្រេចចិត្តដែលធ្វើឡើងស្របតាមការរំពឹងទុកនេះ ជួយពន្យារពេលមិនឱ្យមានផលប៉ះពាល់បន្ថែមទៀតដល់ប្រជាជនអាមេរិករាប់លាននាក់ដែលកំពុងតស៊ូជាមួយនឹងផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កន្លងមករបស់ធនាគារកណ្តាលអាមេរិកលើកម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្សេងទៀត។

ដោយសំដៅលើកាតព្វកិច្ចចំនួនពីររបស់ Fed ក្នុងការដោះស្រាយទាំងអតិផរណា និងអត្រាអត់ការងារធ្វើ លោក Powell បានមានប្រសាសន៍ថា៖ «យើងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យដែលអតិផរណាខ្ពស់បង្កឡើងចំពោះការងារទាំងពីរនេះរបស់យើង»៕