(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានដឹងកាលពីថ្ងៃពុធថា ប្រទេសចិនប្រឆាំងនឹងការអនុវត្តបែបរើសអើងរបស់អាមេរិកចំពោះក្រុមហ៊ុនចិន បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា បន្ទះឈីបទូរស័ព្ទទំនើបដែលផលិតដោយក្រុមហ៊ុន Huawei អាចបំពានច្បាប់រឹតបន្តឹងពាណិជ្ជកម្មអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei របស់ចិនថ្មីៗនេះបានចាប់ផ្តើមលក់ទូរស័ព្ទ Mate 60 Pro របស់ខ្លួនបំពាក់ដោយបន្ទះឈីបដែលក្រុមអ្នកវិភាគជឿថាត្រូវបានបង្កើតឡើងដោយមានបំពាក់បច្ចេកវិទ្យាទំនើបផលិតឡើយដោយក្រុមហ៊ុនផលិតបន្ទះឈីប Semiconductor Manufacturing International Corp (SMIC) របស់ចិន។

ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅខែនេះថា ខ្លួនកំពុងធ្វើការដើម្បីទទួលបានព័ត៌មានបន្ថែមអំពី «លក្ខណៈនិងសមាសភាព» នៃបន្ទះឈីបដែលអាចបំពានលើវិធានការរឹតបន្តឹងពាណិជ្ជកម្មអាមេរិក ដោយសារក្រសួងបាននិយាយថា បន្ទះឈីបនេះត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានប្រាប់សវនាការសភាអាមេរិកថា សហរដ្ឋអាមេរិកមិនមានភស្តុតាងណាមួយដែលបង្ហាញថា ក្រុមហ៊ុន Huawei អាចផលិតស្មាតហ្វូនដែលមានបន្ទះឈីបទំនើបខ្លាំងក្នុងបរិមាណច្រើននោះទេ និងថា លោកស្រីមានការខកចិត្តចំពោះសេចក្តីរាយការណ៍មួយដែលថា ក្រុមហ៊ុន Huawei មានសមត្ថភាពផលិតស្មាតហ្វូនបច្ចេកវិទ្យាខ្ពស់បាន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ប្រទេសចិន «ប្រឆាំងនឹងសហរដ្ឋអាមេរិកដែលលើកឡើងពីគោលគំនិតសន្តិសុខជាតិ»

លោកស្រីបានមានប្រសាសន៍ថា៖ «ការអនុវត្តបែបរើសអើង និងមិនស្មើភាពបែបនេះប្រឆាំងនឹងក្រុមហ៊ុនចិនធ្វើឱ្យខូចដល់គោលការណ៍ពាណិជ្ជកម្មសេរី និងវិធានសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងរំខានដល់ស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ពិភពលោក»

ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងជាប់គាំងនៅក្នុងជម្លោះបច្ចេកវិទ្យាបន្ទះឈីប៕