(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រេចបានចំនួន ៨ ០៩៣ ០៧២ ៩៤៦លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កើនឡើងចំនួន ១.១៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះបញ្ជាក់ថា «កម្ពុជានាំចេញទំនិញ ទៅកាន់ប្រទេសចិនមានចំនួន ៩៣៩ ៩៥៥ ៨៨២លានដុល្លារ កើនឡើង១៦.៨១ភាគរយ។ ចំណែកការនាំចូលពីប្រទេសចិនមានចំនួន​ ៧ ១៥៣ ១១៧ ០៦៤លានដុល្លារ ធ្លាក់ចុះ ០.៦០ភាគរយ»

ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនរួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, កាបូប, ផលិតផលវាយនភណ្ឌផ្សេងៗទៀត, គ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ដ, កង់, គ្រឿងបន្លាស់កង់, ឈើមូល, ឈើអារ, ក្ដារកុងប្លាកេ, ឈើកែច្នៃផ្សេងទៀត, ផលិតផលពីឈើ, អង្ករ និងដំឡូងមី ព្រមទាំងផលិតផលប្រើប្រាស់ផ្សេងជាច្រើនទៀត។

ចំណែកទំនិញដែលកម្ពុជា បាននាំចូលមករួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន, បារី, ស្រាបៀរ, ស្រាចំរុះ, ទឹកបរិសុទ្ធ, ភេសជ្ជៈ, ប៊ីចេង, ស្ករស, ប្រេងឆា គ្រឿងឧបភោគ បរិភោគ និងផលិតផលដទៃផ្សេងៗទៀត៕