(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ទទួលបានការចូលរួមច្រើនពីសាធារណជន ខណៈការចាប់រង្វាន់លើកទី២ អាចធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៣នេះ។

ការលើកឡើងបែបនេះ​របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួម ក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំ ការចាប់ឆ្នោតកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ក្នុងពេលឆាប់ៗ ប្រហែលជាក្នុងខែកញ្ញានេះ ដែលជាការចាប់ឆ្នោតលើកទី២ ដោយមានរថយន្ដ, ម៉ូតូ, ទូរទស្សន៍, ទូរស័ព្ទដៃ ដូចកាលពីលើកទី១»

ទន្ទឹមគ្នានេះ លោក គង់ វិបុល ក៏បានកត់សម្គាល់ផងដែរថា អ្នកចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាងនេះ មានការកើនឡើងច្រើន ហើយអគ្គនាយកដ្ឋានពន្ធដារ បានរកឃើញនូវវិក្កយបត្រដែលប្រមូល VAT ហើយមិនបានបង់មកឲ្យអគ្គនាយកដ្ឋានពន្ធដារ ក៏បានពន្ធច្រើនផងដែរ។

លោក គង់ វិបុល បានបន្ថែមទៀតថា អ្នកដែលមិនទាន់បានចុះបញ្ជី ហើយលួចធ្វើវិក្កយបត្រ ក៏អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មាន ពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) នេះផងដែរ ដើម្បីឲ្យមន្ដ្រីពន្ធដារចុះទៅផ្ដល់សេវាឲ្យកន្លែងនោះមកចុះបញ្ជី។

ជាមួយគ្នានេះ លោកសូមអំពាវនាវដល់ម្ចាស់អាជីវកម្មណា ដែលមិនទាន់មកចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញមកចុះបញ្ជី ដើម្បីគោរពទៅតាមច្បាប់ ពីព្រោះថាអគ្គនាយកដ្ឋានពន្ធដារ មិនមែនចេះតែធ្វើដោយគ្មានគោលការណ៍ច្បាប់នោះទេ។

សូមជម្រាបថា ការចាប់ឆ្នោតផ្សងសំណាង កម្មវិធីវិក្កយបត្រនាំសំណាង នឹងត្រូវធ្វើឡើងចំនួន២លើក ក្នុង១ឆ្នាំ ដែលរួមមានរង្វាន់ដូចជា៖ រថយន្តសេរីទំនើបចំនួន ២រង្វាន់ ម៉ូតូសេរីថ្មីចំនួន ១០រង្វាន់ ទូរស័ព្ទដៃ ១០រង្វាន់ ទូរទស្សន៍ ២០រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ កម្មវិធីវិក្កយបត្រនាំសំណាង បានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២២។

ការបង្កើតកម្មវិធីនេះឡើង ដើម្បីជាការរួមចំណែកមួយ ក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេសពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថាការចេញវិក្កយបត្រទាំងអស់ របស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់។

ការចាប់រង្វាន់កម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw App» លើកទី១ ដោយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ៕