(ប៉េកាំង)៖ ជាលើកដំបូងចាប់តាំងពីលោកឡើងកាន់អំណាច លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងខកខានចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុម G-20។ ជំនួសមកវិញ ចិននឹងបញ្ជូននាយករដ្ឋមន្ត្រី លី ឈាំង ទៅចូលរួមព្រឹត្តិការណ៍ ដែលប្រារព្ធធ្វើលើងថ្ងៃទី ៩-១០ ខែកញ្ញា ដែលរៀបចំដោយនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

នេះគឺជាសញ្ញាច្បាស់លាស់មួយ ដែលបង្ហាញពីតម្លៃដែលលោកប្រធានាធិបតីរូបនេះ ផ្តល់ទៅឱ្យកិច្ចប្រជុំ G-20 ដែលបានបង្កើតឡើងដោយមានការគាំទ្រ ពីសហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ធៀបនឹងក្រុមប្រទេស BRICS ដែលកំពុងពង្រីកខ្លួននាពេលថ្មីៗនេះ។

យោងតាម Bloomberg លោក ស៊ី ទើបតែបានធ្វើទស្សនកិច្ចនៅបរទេស ក្នុងឆ្នាំ២០២៣ កាលពីខែមុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលលោកបានជំរុញដោយជោគជ័យឱ្យមានការពង្រីកសមាជិកបន្ថែមសម្រាប់ក្រុមប្រទេសនេះ ដើម្បីរួមបញ្ចូលប្រទេសអារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេមីរ៉ាតអារ៉ាប់រួមទៅក្នុងក្រុមប្រទេសនេះ។

យោងតាមការគណនារបស់លោក Gracelin Baskaran និងលោក Ben Cahill អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិ (CSIS) ក្រុមប្រទេស BRICS ដែលនឹងមានសមាជិក ១១ប្រទេស នឹងមានចំណែកដ៏ធំមួយនៃធាតុចូលសកលសំខាន់ៗដូចជា ៤២% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក, ៧២% ភាគរយនៃរ៉ែកម្រដោយមានប្រទេសចំនួន ៣ ក្នុងចំណោមប្រទេសទាំង ៥ ដែលមានកំណប់រ៉ែកម្រច្រើនជាងគេ, ៧៥% នៃរ៉ែម៉ង់ហ្គាណែសរបស់ពិភពលោក, ៥០% នៃរ៉ែធ្បួងថ្មហ្ក្រេសហ្វាយ (graphite) និង ២៨% នៃរ៉ែនីកែល។

អ្នកស្រាវជ្រាវទាំងពីរូបនេះបានថា «វាអាចទៅរួចដែលថា វិធីសាស្រ្តដែលមានការសម្របសម្រួលបន្ថែម» ឆ្ពោះទៅរកការរឹតបន្តឹងលើការនាំចេញទៅកាន់ប្រទេសដទៃទៀតនៃពិភពលោកឥឡូវនេះអាចអភិវឌ្ឍក្នុងចំណោមក្រុមប្រទេស BRICS ដែលមានសមាជិក ១១ប្រទេសនេះ។

លោក Baskaran និងលោក Cahill បានសរសេរបានបន្ថែមថា នៅក្នុងវិស័យថាមពល ក្រុមប្រទេសនេះមានទាំងប្រទេសផលិតប្រេង និងឧស្ម័នធំៗ និងប្រទេសនាំចូលធំជាងគេពីរគឺក្នុងប្រទេសចិន និងឥណ្ឌា។ ដូច្នេះមានការលើកទឹកចិត្តឱ្យសមាជិកនានារៀបចំ «យន្តការនានាដើម្បីធ្វើពាណិជ្ជកម្មទំនិញនៅខាងក្រៅដែនកំណត់នៃវិស័យហិរញ្ញវត្ថុរបស់ក្រុមបរទេស G-7»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕