(ហ្សាការតា​)៖ កម្ពុជា​បានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ នេះបើតាមការលើកឡើងរបស់លោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដែលដកស្រង់ដោយ​គេហទំព័រ Jakarta Globe។ ​

ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី ​និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅទីក្រុងហ្សាកាតា ​លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជា បានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន ២៥ម៉ឺនក្នុងមួយឆ្នាំ។​​ ជាមួយគ្នានេះឥណ្ឌូនេស៊ី នឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជាវិញ តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។

លោក ចូកូ វីដូដូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពេញចិត្តចំពោះការឆ្លើយតបជាវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធនឹងការនាំចូលអង្ករ ២៥០​ ០០០ តោនពីប្រទេសជិតខាងរបស់យើង»

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការព្រមព្រៀងផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ឥណ្ឌនេស៊ី​ ​គឺមានរយៈពេល៤ឆ្នាំ ​ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២៤តទៅ។

ដោយឡែកកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករចំនួន ១២ ៥០០០ តោន ក្នុងនោះ​អង្ករស​ចំនួន ១០ម៉ឺនតោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន ប៊ូលុក និងក្រុមហ៊ុនហ្រ្គីនត្រេដ និងបរិមាណ ២ ៥០០០ តោនទៀត ដែលជាប្រភេទអង្ករប្រណិត ​អនុវត្តរវាងក្រុមហ៊ុន ID food និងសមាជិក​សហព័ន្ធស្រូវអង្ករកម្ពុជានឹងអនុវត្តនៅឆ្នាំ២០២៣។

​លោកបានឱ្យដឹងថា ភាគីទាំងពីរនឹងរៀបចំឡើងវិញ នូវអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ចំពោះការធ្វើពាណិជ្ជកម្មអង្ករ ក្នុងបរិមាណរហូតដល់ ២៥០ ០០០តោនក្នុងរយៈពេល១ឆ្នាំ សម្រាប់រយៈពេល៤ឆ្នាំ។

លោកបានបញ្ជាក់បន្ថែមថា ចំពោះតម្លៃ​នឹងចរចាអាស្រ័យទៅស្ថានភាពប្រែប្រួលនៃទីផ្សារជាក់ស្តែង។

លោកគូសបញ្ជាក់បន្ថែម «កិច្ចការសម្រាប់ការនាំចេញអង្ករនេះ យើងប្តេជ្ញាចិត្តថាធ្វើឱ្យបាន ដោយទី១ យើងជាប្រទេសផលិតស្បៀង យើងមានផលិតផលលើស ទី២ រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ យកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ដោយក្រសួងកសិកម្មបានបញ្ជូនអ្នកបច្ចេកទេសកសិកម្ម ទៅតាមជនបទទាំងអស់ ដើម្បីលើកកម្ពស់ផលិតកម្ម និងរក្សាគុណភាពរបស់ផលិតផល។ យើងរំពឹងទុកថា យើងនឹងអាចមានស្បៀងគ្រប់គ្រាន់ សម្រាប់ការនាំចេញ ដូចជាទីផ្សារឥណ្ឌូនេស៊ី ហ្វីលីពិន ឬទីផ្សារអឺរ៉ុបជាដើម ហើយយើងនឹងពង្រីកទីផ្សារផ្សេងៗទៀត ដែលយើងមានទំនាក់ទំនង ដែលក្រសួងពាណិជ្ជកម្មប្រឹងប្រែងពង្រីកតាមរយៈកិច្ចព្រមព្រៀងនានា»

សូមជម្រាបថា ​ការព្រមព្រៀង​នាំចូលអង្ករ​ពីកម្ពុជាក្នុងបរិមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំនេះ ​ធ្វើឡើងបន្ទាប់ពី​ឥណ្ឌា​បញ្ឈប់ការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ី​។ ដំបូងឡើយឥណ្ឌូណេស៊ីមានគម្រោងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan។

​លោក​បាន​​ឱ្យដឹងទៀតថា ក្រុមហ៊ុន Bulog ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​បន្ទុក​ទិញ​អង្ករ​ចំនួន ២ លាន​តោន​ពី​ប្រទេស​ថៃ និង​វៀតណាម។

ទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌនេស៊ីបង្ហាញថា ទីតាំងស្តុកអង្ករជាតិនៅក្នុងឃ្លាំង Bulog បានកើនឡើងដល់ជិត ១.៦លានតោន គិតត្រឹមថ្ងៃច័ន្ទទី៤ ខែកញ្ញា បន្ថែមពីលើការផ្គត់ផ្គង់អង្ករចំនួន ៤០០,០០០តោនពីប្រទេសជិតខាង ដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំនេះ ដោយផ្អែកលើកិច្ចព្រមព្រៀងពីមុន។

រដ្ឋាភិបាលឥណ្ឌនេស៊ី កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីបង្កើនទុនបម្រុងស្បៀង ក្នុងករណីមានគ្រោះរាំងស្ងួត និងការរំខានដល់ការប្រមូលផល ដែលបណ្តាលមកពីបាតុភូត El Nino៕