(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានបន្ដអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពី កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងរាជធានី-ខេត្តចំនួន១១ និងលក់តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១២។

កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត រៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធីនេះ ក្នុងគោលបំណងជួយជ្រោមជ្រែង លើកកម្ពស់ផលិតផលខ្មែរ ជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។

គម្រោងដែលនឹងត្រូវបន្តអនុវត្តចាប់ផ្ដើមរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែកញ្ញា ឆ្នាំ២០២៣ខាងចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង ១៧៖០០រសៀលរួមមាន ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី រាជធានីភ្នំពេញ, ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចា ខេត្តបាត់ដំបង ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្តកំពង់ចាម, ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ស្ថានីយប្រេងឥន្ធនៈភីធីធីឧត្ដុ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្តព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រចេះក្រុង ខេត្តក្រចេះស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្តព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធី ក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្តស្ទឹងត្រែង។

ចំពោះការដាក់លក់ផលិតផលខ្មែរ គឺមានការដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។

សូមជម្រាបថា គម្រោងនេះបានអនុវត្តដោយជោគជ័យ ក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្តចំនួន១៦តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៩។

បងប្អូនប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារ មិនទាន់មានកន្លែងលក់ដូរ បើចង់លក់នៅទីតាំងដែលត្រូវអនុវត្ត គម្រោងខាងលើសូមទំនាក់ទំនង មកក្រុមការងារក្រសួងពាណិជ្ជកម្ម តាមលេខទូរសព្ទ៖ ០១២ ៨៥១ ២៣៩, ០៩៩ ៩៥៤ ៥៦៥, ០៨៩ ៣៦០ ៣៣៣ ឬធ្វើការទំនាក់ទំនងទៅមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តគោលដៅខាងលើ៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖