(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ដែលជាអាជីវករតាមបែបពុទ្ធសាសនា និងជាពាណិជ្ជករល្បីឈ្មោះមួយរូបនៅកម្ពុជា បានចែករំលែកគន្លឹះចំនួន ៣ ដើម្បីធ្វើឱ្យក្រុមហ៊ុន សហគ្រាស មានលំនឹង មានដំណើរទៅមុខបាន ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកក៏ដោយ។

គន្លឹះទាំង៣ចំណុចរួមមាន ៖

ទី១៖ មុនិសម្បទា ឬបញ្ញា៖ ជាអ្នករកស៊ី ឬម្ចាស់ក្រុមហ៊ុន សហគ្រាស ត្រូវមានតែបញ្ញា ដើម្បីដោះស្រាយលើផ្លូវត្រូវ។ បញ្ញាបានមកពីការស្តាប់ ការរៀន សូត្រនានាជាដើម។ យ៉ាងណាមិញ បញ្ញានេះ គឺខុសពីការរៀនដែលទទួលបានសញ្ញាបត្រ។ បើមានសញ្ញាបត្រ តែគ្មានបញ្ញានោះ ក៏មិនអាចដោះស្រាយបញ្ហាបាននោះឡើយ។

ទី២៖ ភោគសម្បទា ឬសាច់ប្រាក់៖ បញ្ហាបច្ចុប្បន្នរបស់ក្រុមហ៊ុនមួយចំនួន ឬបុគ្គលិកខ្លះ គឺមានតែទ្រព្យសម្បត្តិ (ផ្ទះ ឬដីធ្លី) ប៉ុន្តែមិនអាចយកទៅចាយបានដោយសារតែទ្រព្យសម្បត្តិទាំងអស់នោះ វាពាក់ព័ន្ធការលក់មិនដាច់ ឬជាប់នៅធនាគារ។ ហេតុនេះ ម្ចាស់អាជីវកម្មត្រូវពង្រឹងនូវភោគសម្បទា សម្រាប់ទប់ទល់មានបញ្ហាកើតឡើង ហើយត្រូវចាយវាយដោយត្រឹមត្រូវ។

៣៖ សាមគ្គីសម្បទា មានន័យថា នៅក្នុងក្រុមហ៊ុនត្រូវតែមានការយល់យោគគ្នា ធ្វើការជាមួយគ្នា ស្រលាញ់គ្នា ដោយមិនប្រកាន់ តំណែងតួនាទីឡើយ នោះទើបធ្វើឱ្យក្រុមហ៊ុនដំណើរការទៅមុខដោយរលូន។

លោកបន្តថា «ទាល់តែមានទាំងបីនេះ បានក្រុមហ៊ុនយើងដើរ។ យើងពិនិត្យមើលទៅលើក្រុមហ៊ុនបច្ចុប្បន្ននេះ បើយើងអត់មានបញ្ញាទេ យើងនឹងជួបគ្រោះភ័យជាមិនខាន មានបញ្ញាហើយ ប៉ុន្តែក៏ត្រូវមានលុយ ហើយបើចង់ឱ្យក្រុមហ៊ុនទៅមុខទាល់តែយើងមានសាមគ្គីសម្បទា»

ការថ្លែងរបស់លោក អៀង សុធារ៉ា ធ្វើឡើងនៅក្នុងពិធីជួបជុំបណ្តាញសមាគមធុរកិច្ច និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ឆ្នាំ២០២៣ ដែលក្នុងវេទិកានេះ អ្នកជំនួញជាច្រើនបានពិភាក្សាពីបញ្ហាដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះ ដើម្បីយកឈ្នះលើបញ្ហាប្រឈម និងចាប់យកឱកាសពង្រឹងម្ចាស់អាជីវកម្មបន្ថែម។

វេទិកានេះធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
វេទិកានេះដែលធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសពិសេសមួយ សម្រាប់អ្នកចូលរួមដើម្បីស្វែងយល់បន្ថែម អំពីរបៀបទទួលបានហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក៏ដូចជាវិធីលើកកម្ពស់ការយល់ដឹងអំពីម៉ាកផលិតផលរបស់ពួកគេ នៅក្នុងទីផ្សារប្រកួតប្រជែង។ តាមរយៈវេទិកានេះ បានផ្តល់ឱកាសដល់សមាជិក CJBI ក្នុងការបង្កើតបណ្តាញ និងស្វែងរកឱកាសក្នុងការសហការជាមួយក្រុមហ៊ុនផ្សេងទៀត ដែលជាសមាជិករបស់ CJBI និង JBAC។

ពិធីជួបជុំបណ្តាញសមាគមធុរកិច្ច និងវិនិយោគកម្ពុជា-ជប៉ុន ឆ្នាំ២០២៣ (JBI Networking Gathering 2023) គឺជាឱកាសមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម សិក្សាពីភាពជោគជ័យ និងបញ្ហាប្រឈមរបស់គ្នាទៅវិញទៅមក ក៏ដូចជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូសក្តានុពល និងអ្នកសហការពីកម្ពុជា និងជប៉ុនផងដែរ៕